Position 1
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងនៅព្រឹកថ្ងៃទី ០៤ មិថុនានេះ លោកនឹងបញ្ជារកម្លាំងចុះឆែករកអត្តសញ្ញាណម្ចាស់រថយន្តទំនើបថ្លៃកប់ពពកម៉ាក Rolls-Royce ដែលពាក់ស្លាកលេខ «នគរបាល ២- ៧៧១៥» ។
លោក នេត សាវឿន បានថ្លែងប្រាប់សារព័ត៌មានយ៉ាងដូច្នេះថាលោកមិនទាន់បានឃើញរូបភាពដែលកំពុងរងការរិះគន់ឡើងចាស់ដៃពីមហាជននោះទេ តែលោកបានបញ្ជាក់ថានឹងចាត់វិធានការណ៍ភ្លាម ។
លោក នេត សាវឿន បានអះអាងយ៉ាងដូច្នេះថា «បាទ ខ្ញុំនឹងឲ្យគេឆែកភ្លាម ថាលេខឡានរបស់អ្នកណា ។ ព្រោះជាធម្មតាស្លាកលេខនគរបាលអត់ឲ្យទៅឡានឯកជនអញ្ចឹងទេ ។ បើសិនណាជាឡាន មិនត្រឹមត្រូវ ខ្ញុំនឹងដកស្លាកលេខភ្លាម» ។ លោកបានបន្តថា «ព្រោះកន្លងមកស្លាកនគរបាល គឺឲ្យតែឡានអង្គភាពទេ ។ មិនអាចយកស្លាកលេខនគរបាលទៅដាក់ឡានប្រណីតអញ្ចឹងទេ » ។
នៅពេលសាកសួរបញ្ជាក់ថា នៅអង្គភាពប៉ូលីសទូទាំងប្រទេសតើមានប្រើប្រាស់ឡានប្រណីត ទំនើប ម៉ាក Rolls-Royce ដែរឬទេ លោក នេត សាវឿន បានបញ្ជាក់អះអាងថា «អត់មានទេ ។ អញ្ចឹងខ្ញុំពិនិត្យសិន ថាអ្នកណាយកស្លាកនគរបាលទៅដាក់ (ឡានទំនើបនេះ) ខ្ញុំនឹងឆែកភ្លាម ថាតើគេស្លាកលេខនគរបាលពិត ឬក៏ក្លែងក្លាយ » ។
សូមរម្លឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចែកចាយនូវរូបភាពឡានសេរីទំនើបថ្លៃកប់ពពកម៉ាក Rolls-Royce តែពាក់ស្លាកលេខ «នគរបាល» បង្កឲ្យមានការរិះគន់ដូចទឹកបាក់ទំនប់ តាំងពីសាមញ្ញជនរហូតមន្ត្រីជួរមុខក្នុងរាជរដ្ឋាភិបាល ។លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី ៤ មិថុនានេះក៏បានបញ្ចេញប្រតិកម្មរិះគន់អ្នកដែលជិះរថយន្តតម្លៃថ្លៃកប់ពពក បែរជាទៅពាក់ស្លាកលេខរបស់រដ្ឋទៅវិញ ។
ដោយឡែកលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធធនាគារក្រសួងមហាផ្ទៃក៏បានបញ្ចេញមតិផងដែរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២ ខែមិថុនា ដោយលោកបានសរសេរថា «ខ្ញុំព្យាយាមថតកង់បីពណ៌សស្អាត២នោះទេ តែចៃដន្យអីជាប់ឡានប៉ូលីស »៕
Position 8
Position 13
Position 14