សម្តេចធិប​តី ប្រាប់ដល់ព​លរដ្ឋ ​កុំយ​កបណ្តាញសង្គម ជាវេ​ទិកា​រជេ​រប្រមាថគ្នា

នាឱកាសអញ្ជើញជាអធិបតី“ទិវាវប្បធម៌ជាតិ៣មីនាលើកទី២៧ ឆ្នាំ២០២៥”និងសំណេះសំណាលជាមួយសិល្បករសិល្បការិនីទូទាំងប្រទេសលើកទី៦នារសៀលថ្ងៃទី៥ ខែមីនាឆ្នាំ២០២៥នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម មិនថាFacebook ឬTikTok ក្តី ធ្វើជាវេទិកាជេរប្រមាថគ្នា ខណៈពេលដែលមានអ្វីកើតឡើង មិននិយាយគ្នាដោះស្រាយបញ្ហាបែរជាយកទៅដាក់លើបណ្តាញសង្គម បង្កការស្មុគស្មាញដល់អ្នកដទៃ ។សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើមានរឿងអ្វីបន្តិច​បន្តួចរវាងគ្នានឹងគ្នា ត្រូវរួមគ្នាដោះស្រាយភ្លាមៗឱ្យបានឆាប់កុំបាច់រំខានអ្នកដទៃ ឬពឹងពាក់ស្វះស្វែងរកអន្តរាគមន៍ពីអ្នកដទៃនោះឡើយ ។

សម្តេចធិបតីបន្តថា “ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋយើង ជាពិសេសយុវជន ការប្រើប្រាស់ប្រព័ន្ធ Social Media ការប្រើប្រាស់ Facebook ការប្រើប្រាស់ TikTok ជាមធ្យោបាយល្អ ក្នុងការផ្សព្វផ្សាយ ប៉ុន្តែសូមពិចារណា សូមកុំឱ្យយកឧបករណ៍ ទៅជាមិត្តជិតស្និទ្ធរបស់យើង ដែលយើងផ្តាច់ទំនាក់ទំនងការនិយាយគ្នាជាមួយអ្នកដែលនៅជុំវិញខ្លួនយើង ជាពិសេសពេលដែលមានហេតុការណ៍ យើងលែងនិយាយគ្នា ដោះស្រាយបញ្ហា សូមឱ្យប្រកាន់នូវអភិក្រម មានអ្វីនិយាយគ្នា ដោះស្រាយគ្នា រួមគ្នាខ្មែរជាខ្មែរទៅ” ។ការលើកឡើងរបស់សម្តេចធិបតី ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានសម្តេចចាត់ទុកជារឿងចាំបាច់ ខណៈដែលបានកើតឡើងនិងបានឃើញរាល់ថ្ងៃនៅក្នុងសង្គមនាពេលបច្ចុប្បន្ន ។សម្តេចធិបតី បន្ថែមថា “ហើយរឿងខ្លះ អត់ធំសោះ តែវិវត្តន៍ទៅជាធំ ដោយអ្នកពាក់ព័ន្ធមិននិយាយគ្នា ឈ្នះរៀងៗខ្លួនទីបំផុត គឺធ្វើឱ្យមហាជនកាន់តែវល់ កាន់តែស្មុគស្មាញអារម្មណ៍ផ្លូវចិត្ត ឃើញតែរឿងប្រទាក់ក្រឡាគ្នា ហើយពេលខ្លះ ជេរដល់ទៅរាជរដ្ឋាភិបាលទៅទៀត អត់ទាំងដឹងអីផង” ។
សម្តេចធិបតី ក៏បានសូមយកឱកាស ដែលពាក់ព័ន្ធសីលធម៌ និងវប្បធម៌ ដែលជាមូលដ្ឋាននៅក្នុងការរស់នៅប្រចាំថ្ងៃដោយឱ្យចូលរួមថែរក្សាអំពីវប្បធម៌​ នៃការប្រាស្រ័យទាក់ទងគ្នា ការនិយាយគ្នា រវាងប្រជាជន និងប្រជាជន ដោយកុំជេរគ្នា មានអ្វីនិយាយគ្នា កុំដាក់តាម Facebook ឱ្យអ្នកមិនដឹងរឿងមកក្តៅក្រហាយជាមួយដោយត្រូវនិយាយគ្នាដោះស្រាយជាមួយគ្នារកវិធីនិយាយគ្នាឱ្យឆាប់បញ្ចប់រឿងដោយការយោគយល់គ្នា៕ ប្រភព AKP

Leave a Reply

Your email address will not be published. Required fields are marked *