ស្ពានថ្មថ្មីឆ្លងស្ទឹងសៀមរាប ជាប់ព្រំប្រទល់ ភូមិពោធិ៍បន្ទាយជ័យ និងភូមិស្ពានជ្រាវ សង្កាត់សៀមរាត្រូវបានកាត់ខ្សែបូរ សម្ពោធដាក់ឲ្យ ដំណើរការប្រើប្រាស់

នៅចុងសប្តាហ៍ព្រឹកថ្ងៃទី០៨ ខែ មីនា ឆ្នាំ ២០២៥នេះ មានធ្វើពិធីសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានឆ្លងស្ទឹងសៀមរាបថ្មីមួយកន្លែងទៀតក្នុងក្រុងសៀមរាបក្រោមអធិបតីឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត ជាតំណាង ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ស្ថិតនៅជាប់ព្រំប្រទល់ភូមិពោធិ៍បន្ទាយជ័យ និងភូមិស្ពានជ្រាវ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ។ នៅក្នុងពិធីនោះដែលក៏មានវត្តមាននិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះធម្មសិរី ជុំ គឹមឡេង អាភាករោ ព្រះសុមង្គលសិលាចារ្យ និងជាមេគណខេត្តសៀមរាប ព្រះអនុគណក្រុង ព្រះគ្រូចៅអធិការវត្តពោធិបន្ទាយជ័យ និងតំណាងអាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ មន្ទីរអង្គភាពនានាបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូបផងដែរ។
លោកស្រី ហ៊ុល សុវណ្ណ តំណាងគណកម្មការវត្តពោធិបន្ទាយជ័យដែលកសាងស្ពានបានមានប្រសាសន៍ឲ្យដឹងថាស្ពានថ្មថ្មីឆ្លងស្ទឹងសៀមរាប មានប្រវែងបណ្តោយ២៤ម៉ែត្រ និងទទឹង៩ម៉ែត្រ ក្រោមការជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រពី សំណាក់ឯកឧត្តមអភិបាលខេត្ត លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារចុះជួយសង្កាត់សៀមរាប និងព្រមទាំងសប្បុរជន ព្រះសង្ឃ គណៈកម្មការវត្ត និង ប្រជាពលបរិស័ទចំណុះជើងវត្ត ក្រោមការផ្តួចផ្តើម ដឹកនាំដោយផ្ទាល់ របស់ព្រះគ្រូ សុវណ្ណធម្មរង្សី សូ សាន ព្រះគ្រូចៅអធិការវត្តពោធិ៍បន្ទាយជ័យ និង ព្រះគ្រូ ឃឹម ហន និង ព្រះគ្រូសូត្រឆ្វេងវត្ត ព្រះគ្រូធម្មាចារ្យ ឡាយ ជឿន ព្រះវិន័យធម៌វត្ត បានដំណើរការសាងសង់ទៅដោយរលូន និង បញ្ចប់ទៅជាស្ថាពរ ក្នុងឆ្នាំ២០២៤ ដែលចំណាយអស់ថវិកា សរុបចំនួន ៩៦ពាន់៤៣៦ដុល្លារ ។
លោក លី សារី បានមានប្រសាសន៍ថា ការកសាងស្ពានថ្មឆ្លងស្ទឹងសៀមរាបនៅត្រង់ចំណុចព្រំប្រទល់ភូមិពោធិ៍បន្ទាយជ័យ និងភូមិស្ពានជ្រាវ នេះមិនត្រឹមតែបានរួមចំណែកក្នុងការកាត់បន្ថយនូវការកកស្ទះចរាចរណ៍ក្នុងក្រុង បាន សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននូវកសិផលផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុខមាលភាពសង្គមផងដែរ ។ ម៉្យាងទៀតបានរួមចំណែកក្នុងការលើកកម្ពស់សោភ័ណភាពក្រុង គាំទ្រវិស័យទេសចរណ៍ និង ដល់កិច្ចអភិវឌ្ឍន៍នៅក្នុងភូមិសាស្ត្រសង្កាត់សៀមរាបផងដែរ។ លោក លី សារី បន្តថាក្នុងបរិបទនេះ កម្ពុជាទាំងមូលកំពុងស្ថិតលើមាគ៌ា អភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ ក្នុង ក្របខ័ណ្ឌសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាកុលបុត្រ ខ្មែរដ៏ឆ្នើម និងជាថ្នាក់ដឹកនាំ ១រូប ដែលពោរពេញទៅដោយសមត្ថភាព ចំណេះវិជ្ជាជាមូលដ្ឋានខ្ពស់ និង ជាអ្នកបន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាមគ្គុទេសក៏ឯក ជាស្ថាបនិកនៃសន្តិភាព និងការបង្រួបបង្រួមជាតិខ្មែរ ។ លោកអភិបាលរងខេត្តបានមានប្រសាសបន្ថែមទៀតថា រដ្ឋបាលខេត្តបាននិងកំពុងធ្វើការយ៉ាងសកម្ម លើការងារកែលម្អសោភ័ណភាពក្រុង ក្នុងនោះ រដ្ឋបាលខេត្ត បានពង្រីកការបំពាក់ភ្លើងតែងលម្អបំភ្លឺនានា ការដាំដើមឈើតាមដងផ្លូវនានាក្នុងក្រុង ការពង្រីកផ្លូវសំខាន់ៗនានា។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តក៏បាន យកចិត្តទុកដាក់ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាឱ្យបានសុខសុវត្ថិភាព និងភាពកក់ក្តៅ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាខេត្តសៀមរាប ពិសេសគណៈប្រតិភូជាន់ ខ្ពស់ ពីបណ្តាប្រទេសនានា ដែលអញ្ជើញមកបំពេញបេសកកម្មការងារក្នុងខេត្តនាពេលកន្លងមក។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្ត លោក លី សារី មានសេចក្តីរំភើបរីករាយ ដោយបាន ឃើញនូវកម្លាំងសាមគ្គី ដ៏ល្អប្រពៃថ្លៃថ្លា ដែលផុសចេញពីសណ្ដានចិត្តរបស់ពុទ្ធសាសនិក ព្រះសង្ឃ លោកយាយ លោកតា ដែលតែងតែមានសទ្ធាជ្រះថ្លា បានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត បូជាចំពោះ ព្រះរតនត្រ័យ និងជួយអប់រំកូនចៅឲ្យប្រតិបត្តិ តែអំពើជាកុសល ដែលជាការរួមចំណែកយ៉ាងធំធេង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសីលធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរក្នុងសង្គម ពិសេស ការបណ្តុះនូវគំនិត ឆន្ទៈ និងមនសិការស្នេហាជាតិ ជាពិសេស បានរួមសាមគ្គីគ្នាក្នុងការកសាងសមិទ្ធផល ដ៏ថ្មីស្រឡាង ដែលយើងទាំងអស់គ្នាបាននិងកំពុងតែរៀបចំពិធីសម្ពោធនាពេលនេះផងដែរ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Leave a Reply

Your email address will not be published. Required fields are marked *