ខេត្តសៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស. ២៥៦៨ – ២៥៦៩ គ.ស ២០២៥។
ពិធីធ្វើនៅព្រឹកថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០២៥ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដោយមានអញ្ជើញចូលរួមនាឱកាសនោះដែររួមមាន ឯកឧត្តម អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរជាតិអប្សរា តំណាងក្រុមការងាររៀបចំ សិស្សានុសិស្សជាច្រើននាក់ផងដែរ។
សូមជម្រាបថាឆ្នាំនេះជាឆ្នាំទី ១២ គិតចាប់ពីថ្ងៃបដិសន្ធិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលព្រឹត្តិការណ៍នេះបាននាំ មកនូវសម្បត្តិវប្បធម៌អរូបីជាច្រើនអនេកនៃដូនតាខ្មែរលើ បេតិកភណ្ឌរូបីនៃប្រាង្គប្រាសាទអង្គរ។ អង្គរសង្រ្កាន្តឆ្នាំ ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី» ក៏ជាឱកាសជួបជុំសប្បាយរីករាយរបស់បងប្អូន ប្រជាពលរដ្ឋមកពីគ្រប់ទិសទៅ រួមទាំងភ្ញៀវទេសចរអន្តរជាតិមកកាន់ទឹកដីខេត្ត សៀមរាបដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាលក្ខណៈមហាគ្រួសារខ្មែរ៕


