ការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើក្នុង សេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រពន្ធ័គឺមានសារៈសំខាន់ សម្រាប់ការគាំទ្រដល់ប្រជាជនគន្លឹះ ក្នុងការទទួលបាន សេវាមេរោគអេដស៍ និងសុខភាព ជាពិសេស ការព្យាបាលជម្ងឺកាមរោគ ។ តាមការបញ្ជាក់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជម្ងឺអេដស៍ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំសម្របសម្រួល និង ផ្សព្វផ្សាយ ការអនុវត្តនីតិវិធី ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើក្នុង សេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រពន្ធ័ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និង ជម្ងឺអេដស៍នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥, នៅសណ្ឋាគារ សុខាល័យអង្គរ, ខេត្តសៀមរាប។

ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី បានលើកឡើងថា នេះគឺជាគំនិតផ្តួចផ្តើមឈ្នះ-ឈ្នះ ដោយសាររាជរដ្ឋាភិបាលកម្ពុជា រ៉ាប់រងការចំណាយពាក់ព័ន្ធទាំងអស់ សម្រាប់ទាំងប្រជាជនគន្លឹះ ចំណែកឯអ្នកផ្តល់សេវាថែទាំសុខភាពក៏នឹងទទួល កម្រៃសេវាដែលគេបានផ្តល់ ។ អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ រំពឹងថាការចុះឈ្មោះ ប្រជាជនគន្លឹះឲ្យទទួលបាន មសស អាចឲ្យយើង ឈានទៅស្វែងរកឃើញអ្នកផ្ទុកមេរោគអេដស៍ដែលនៅសល់ពីប្រមាណ ៧ពាន់ ទៅ ៨ពាន់នាក់ ដែលមិនទាន់ទទួលការថែទាំព្យាបាលនៅឡើយ ។ នៅពេលដែលបានចុះឈ្មោះ និងមានប័ណ្ណ មសស នោះ ពួកគេអាចចូលប្រើសេវាថែទាំសុខភាពសំខាន់ៗបានយ៉ាងងាយស្រួល ជាពិសេសការព្យាបាលការឆ្លង មេរោគកាមរោគ (STIs) ដែលអាចកាត់បន្ថយហានិភ័យនៃការចម្លងមេរោគអេដស៍បានបីដង។ សំខាន់ជាងនេះទៅទៀតគឺការបិទគម្លាតនៅក្នុងគោលដៅ ៩៥ ទីមួយ និង ការព្យាបាលករណីដែលបានរកឃើញ នឹងអាចឲ្យយើងទប់ស្កាត់ការចម្លងមេរោគអេដស៍បន្តទៀត ។ ឯកឧត្តម អៀង ម៉ូលី បានបញ្ជាក់ថា ដំណើរការចុះឈ្មោះ ប្រជាជនគន្លឹះ (KP)សម្រាប់ទទួលបានសេវាគាំពារសង្គមនឹងនាំមកនូវផលប្រយោជន៍សំខាន់ៗមួយចំនួនដូចជា ១/អ្នកផ្ទុកមេរោគអេដស៍ដែលមិនបានដឹងពីស្ថានភាពខ្លួននឹងត្រូវរកឃើញ តាមការធ្វើតេស្តរក មេរោគអេដស៍, ២/ អ្នកដែលអវិជ្ជមានត្រូវតភ្ជាប់ទៅនឹងសេវាកម្ម PrEP , ៣/អ្នកដែលផ្ទុកមេរោគអេដស៍នឹងបន្តចុះឈ្មោះក្នុង សេវាART ហើយបន្តទទួលបណ្ណ ID Poor ជាលក្ខណៈបុគ្គ បុគ្គលមួយជីវិត និង ៤/ ការ ផ្តល់បណ្ណសមធម៌ សមធម៌ដល់ ប្រជាជនគន្លឹះ នូវលទ្ធភាពទទួលបានវិសាលគម (spectrum) ពេញលេញនៃសេវាមេរោគអេដស៍ ដូចដែលបានកំណត់ដោយកញ្ចប់អត្ថប្រយោជន៍របស់ មសស (HEF Benefit Package)។ ការផ្សព្វផ្សាយគោលការណ៍ណែនាំដែលបាន ធ្វើបច្ចុប្បន្នភាព ប្រកបដោយប្រសិទ្ធភាពគឺមានសារៈសំខាន់សម្រាប់ការគាំទ្រដល់ប្រជាជនគន្លឹះ ក្នុងការទទួលបាន សេវាមេរោគអេដស៍ និងសុខភាព ជាពិសេស ការព្យាបាលជំងឺកាមរោគ។ឯកឧត្តម ទេសរដ្ឋមន្ត្រីបានរំលេចផងដែរថា៖ប្រទេសកម្ពុជានៅលេខទី១០ ក្នុងចំណោមប្រទេសចំនួន១៩៥ ទូទាំងពិភពលោកដែលសម្រេចបាននូវការបង្ក្រាបមេរោគជាង ៨៦% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ។ ទោះយ៉ាងណាក៏ដោយនៅពេលដែលពេលវេលាកាន់តែវិវត្តទៅមុខបញ្ហាប្រឈមថ្មីៗបានកើតឡើងជាបន្តបន្ទាប់នៃការឆ្លងថ្មីនៃមេរោគអេដស៍ត្រូវបានព្យាករណ៍ថាកើនឡើងក្នុងចំណោមមនុស្សវ័យក្មេង ក្នុងរយៈកាល៦ឆ្នាំទៅមុខនេះគេបានប៉ាន់ប្រមាណថានឹងមានមនុស្ស ៧ពាន់២០០នាក់ ឆ្លងមេរោគអេដស៍ថ្មី ដែលពាក់កណ្តាលនៃពួកគេគឺជាបុគ្គលវ័យក្មេង (ជាពិសេសបុរសវ័យ ក្មេង) ដែលមានអាយុពី ១៥ទៅ២៤ ឆ្នាំ។ បុគ្គលទាំងនេះនឹងត្រូវការការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ (ART) លើសពី ៥០ ឆ្នាំ ដែលបង្កើតជាបន្ទុកសេដ្ឋកិច្ចយ៉ាងធំធេងលើប្រទេសជាតិរបស់យើង ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តនិងជាប្រធានគណៈកម្មធិការប្រយុទ្ឋនឹងជម្ងឺដស៍ខេត្តសៀមរាប បានបង្ហាញឆន្ទៈខ្ពស់ក្នុងការអនុវត្តគម្រោងពន្លឿនការឆ្លើយតបបញ្ចប់មេរោគអេដស៍ ជម្ងឺអេដស៍ តាមរយៈយន្តការពហុវិស័យខេត្ត ការរៀបចំធ្វើបច្ចុប្បន្នភាពឡើងវិញនូវសមាសភាពគណៈកម្មធិការប្រយុទ្ឋនឹងជម្ងឺអេដស៍ខេត្ត និងផែនការយុទ្ឋសាស្ត្រពន្លឿនការឆ្លើយតបបញ្ចប់មេរោគអេដស៍ ជម្ងឺអេដស៍ ជាដើម ។តាមរបាយការណ៍លេខាធិការដ្ឋានអេដស៍ខេត្តគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៥ខេត្តសៀមរាប បានផ្តល់ប្រឹក្សានិងធ្វើតេស្តឈាម និង រកឃើញករណីអ្នកវិជ្ជមានមេរោគអេដស៍ថ្មីចំនួន៨៣នាក់និង៣៤៣នាក់នៅឆ្នាំ២០២៤បានចុះបញ្ជីព្យាបាលទាំងអស់ ។ អ្នកជម្ងឺអេដស៍សកម្មដែលបានកំពុងទទួលសេវាថែទាំព្យាបាលដោយឱសថប្រឆាំងមេរោគចំនួន៥ពាន់១០៧នាក់ ។ ក្នុងគោលដៅទាំងបី៩៥-៩៥-៩៥គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៥ខេត្តនេះសម្រេចបាន៨៥.៥% ៩៩% និង៩៩% ។ កម្ពុជាបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជម្ងឺអេដស៍។ ការឆ្លងថ្មី បានថយចុះគួរឱ្យកត់សម្គាល់ពី ១៥ពាន់ករណីក្នុងឆ្នាំ ១៩៩៦ និង ១៩៩៧ មកត្រឹមតែ ១ពាន់២០០នាក់ ក្នុងឆ្នាំ២០២៣។ លទ្ធផលនៃការធ្វើតេស្ត និងការព្យាបាលថ្នាក់ជាតិ បានឈានដល់កម្រិត ៨៩-៩៨-៩៨ ក្នុងឆ្នាំ២០២៣ដែលតួលេខនេះត្រូវបានអង្គការUNAIDSដាក់ប្រទេសកម្ពុជានៅលេខទី១០ ក្នុងចំណោម១៩៥ប្រទេសទូទាំងពិភពលោក ដែលសម្រេចបាននូវការបង្ក្រាបមេរោគជាង ៨៦% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប


