នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តយសសាខាកាកបាទ ក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ចំនួន ២៧គ្រួសារ (ក្នុងនោះ រលំចំនួន ០៤ខ្នង និងប៉ះពាល់ធ្ងន់ចំនួន ២៣ខ្នង) ករណីរងគ្រោះនេះកើតឡើងកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ។ ពិធីចែកអំណោយនៅធ្វើនៅបរិវេណសាលាឆទានភូមិកញ្ជាន់ជ្រៅ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោក (ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) និង ( កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល) ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែគាំទ្រយ៉ាងខ្ជាប់ខ្ជួនក្នុងការកៀរគរមូលនិធិសប្បុរសធម៌សម្រាប់សាខា កក្រក ខេត្តសៀមរាប ដើម្បីជួយដល់ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ ឬគ្រោះធម្មជាតិជាយថាហេតុ ដូចយ៉ាងខ្យល់កន្ត្រាក់ និងឧបទ្ទវហេតុផ្សេងៗ។ល។ យ៉ាងណាមិញ បន្ទាប់ពីទទួលបានព័ត៌មានអំពីខ្យល់កន្ត្រាក់នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូន នាពេលនេះ និងសម្រាប់ស្រុកភូមិសាស្ត្រផ្សេងៗជាបន្តបន្ទាប់ដែរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។ ដ្បិតអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន – គ្រួសាររលំផ្ទះមាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១៦សន្លឹក និងថវិកា១៥ម៉ឺនរៀល និង គ្រួសារប៉ះពាល់ធ្ងន់ មានមុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា៥ម៉ឺនរៀល ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

0
    0
    Your Cart
    Your cart is emptyReturn to Donation