អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ការរៀបចំបុណ្យវិសាខបូជា ជាការចូលរួមលើកកម្ពស់ការយល់ដឹងបន្ថែមដល់សាធារណជន ជាពិសេសសាមណេរ និងសីលវន្ត សីលវតីរបស់យើង បានស្វែងយល់អំពីពុទ្ធប្រវត្តិ និងពុទ្ធឱវាទរបស់ព្រះពុទ្ធបរមគ្រូនៃយើង ហើយតម្កល់ចិត្តឲ្យបានជ្រះថ្លាដែលជាធម៌អប់រំចិត្តដ៏ប្រពៃថ្លៃថ្លា ហើយត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។
ក្នុងពិធីបុណ្យវិសាខបូជា លើកទី១២ នៅខេត្តសៀមរាប នាថ្ងៃទី១១ ខែឧសភានេះ លោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនែគណៈអភិបាលខេត្ត បានលើកឡើងថា បុណ្យវិសាខបូជា ដែលរៀបចំឡើងនាពេលនេះ ក៏ដើម្បីរំឭកដល់ព្រឹត្តិការណ៍ចំនួន៣ ក្នុងសម័យពុទ្ធកាល រួមមាន៖ ពេលព្រះពុទ្ធទ្រង់ប្រសូត ពេលព្រះអង្គបានត្រាស់ដឹង និងពេលព្រះសម្មាសម្ពុទ្ធចូលបរិនិព្វាន ហើយការប្រារព្ធនាពេលនេះ គឺនៅលើទឹកដីអតីតទីក្រុងអង្គរធំដ៏ពិសិដ្ឋនៃដែនដីបុព្វបុរសខ្មែរយើង។ ក្នុងនោះមិនមែនមានតែប្រជាពលរដ្ឋខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ដែលប្រារព្ធពិធីបុណ្យនេះ គឺនៅជុំវិញពិភពលោកដែលកាន់ព្រះពុទ្ធសាសនា។ គោលការណ៍សន្តិភាព អហិង្សាធម៌ និងសីល៥ នៃទ្រឹស្ដីព្រះសម្មាសម្ពុទ្ធ ត្រូវបានអង្គការសហប្រជាជាតិបញ្ចូលទៅក្នុងខ្លឹមសារស្ទើរតែទាំង ស្រុងនៃសេចក្ដីថ្លែងការណ៍ជាសកល ស្ដីពីសិទ្ធិមនុស្ស ។ លោកបន្តថា ពិតណាស់ព្រះពុទ្ធសាសនា រីកចម្រើនទៅបានស្របតាមស្ថានភាពសង្គមជាតិយើង ជាពិសេសបានស្ដែងឲ្យឃើញនូវការសាមគ្គីដ៏ល្អប្រពៃផុសចេញពីសន្ដានចិត្តរបស់ពុទ្ធសាសនិក ព្រះសង្ឃនៅតាមទីវត្តអារាម លោកយាយលោកតា ដែលតែងតែមានសទ្ធាជ្រះថ្លាបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បូជាចំពោះព្រះរតនត្រ័យ និងជួយអប់រំកូនចៅឱ្យប្រតិបត្តិតែអំពើជាកុសល ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការបណ្ដុះធនធានមនុស្ស លើកកម្ពស់សីលធម៌ ចរិយាធម៌ សេចក្ដីថ្លៃថ្នូរក្នុងសង្គម និងការបណ្ដុះព្រលឹងជាតិ។
សូមជម្រាបថា នៅក្នុងពិធីបុណ្យវិសាខបូជា នៅខេត្តសៀមរាប នាឆ្នាំ២០២៥នេះ ក៏មានរៀបចំពិធីបំបួសកុល បុត្រ កុលធីតាចំនួន៥០៩រូប ជាមួយនឹងការដង្ហែក្បួនអបអរសាទរចេញពីវត្តព្រះឥន្ទទេព នៃប្រាសាទបាយ័ន ឆ្ពោះទៅតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាប ជាមួយនឹងការរាប់បាតព្រះសង្ឃ។ ក្រៅពីនេះ នៅតាមបណ្ដាវត្តនានាក្នុងខេត្ត ក៏មានការរៀបចំពិធីបុណ្យវិសាខបូជា អមជាមួយកម្មវិធីបែបព្រះពុទ្ធសាសនាផ្សេងៗទៀតផងដែរ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

0
    0
    Your Cart
    Your cart is emptyReturn to Donation