សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីទទួលបានព័ត៌មានថា មានគ្រោះធម្មជាតិដោយសាររន្ទះបណ្ដាលឲ្យមានមនុស្សស្លាប់កាលពីវេលាម៉ោង ១៧និង១០នាទី ល្ងាចថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញ។ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានបានចាត់តាំង លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នាំយកគ្រឿងឧបភោគបរិភោគ ចូលរួមបុណ្យគ្រួសាររងគ្រោះឈ្មោះ ដុប ស្រប ភេទប្រុស អាយុ ៣៤ឆ្នាំ សមាជិកគ្រួសារ ៤នាក់ (ស្រី ២នាក់) រស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តផងដែរ ។
នាឱកាសនោះ លោកនាយកសាខា បានពាំនាំនូវប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប ដែលជានិច្ចកាលតែងគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ បង-ប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុក្ខនរណាម្នាក់ចោល»។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងអំណោយដ៏ថ្លៃថ្លាជូនគ្រួសារសពរងគ្រោះមាន៖ អង្ករ៣០គីឡូក្រាម ឃីត១កញ្ចប់ (សារុង១ ក្រមា១ មុង១ ភួយ១ , ត្រីខ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម និងថវិកា ៥លានរៀល ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប


