គណៈកម្មាធិការប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្សខេត្ដសៀមរាប(គខបជ) បានបើកកិច្ចប្រជុំប្រចាំខែឧសភាឆ្នាំ២០២៥របស់ខ្លួន ដើម្បីពិនិត្យសេចក្ដីព្រៀងរបាយការណ៍ប្រចាំខែឧសភា ពិភាក្សាលើបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ព្រោះទាំងពិភាក្សាលើបញ្ហាផ្សេងៗនិងសំណូមពរ។កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២ខែមិថុនាឆ្នាំ២០២៥ នៅសាលាប្រជុំលេខមួយសាលាខេត្ដសៀមរាប។ក្រោមកិច្ចដឹកនាំរបស់លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ជាសមាជិក និងអង្គការដៃគូជាតិ អន្តរជាតិចំនួន៦៥នាក់។
បន្ទាប់ពីបានពិនិត្យលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា សេចក្តីរាយការណ៍លើបញ្ហាពាក់ព័ន្ធនានា និងការចូលរួមជាមតិយោបល លើការឆ្លុះបញ្ចាំងអំពីការសមិទ្ធផល បញ្ហាប្រឈម ការពិភាក្សារកដំណោះស្រាយរួមគ្នារវាងអ្នកពាក់ព័ន្ធដែលមានតួអង្គជាមន្រ្តីរាជរដ្ឋាភិបាលនៅកម្រិតថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន និងអង្គការដៃគូសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការផ្តល់សេវាកម្មជូនដល់ជនរងគ្រោះ ជនងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ) ដែលបានអនុវត្តក្នុងខែឧសភា ឆ្នាំ២០២៥កន្លងមក អង្គប្រជុំទទួលបាននូវធាតុចូលសំខាន់ៗជាច្រើន ក្នុងការដាក់ទិសដៅសម្រាប់អនុវត្ត បន្ត។
នៅក្នុងអង្គប្រជុំបានជម្រុញឲ្យការងារបច្ចេកទេស ត្រូវបង្កើតគ្រុបតេឡេក្រាម និងរៀបចំកិច្ចប្រជុំតាមក្រុមនីមួយៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ និងមានប្រសិទ្ធភាព។មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្នងការរដ្ឋាននគរបាលខេត្ត សហការគ្នាបន្តតាមដាន ពិនិត្យ សម្របសម្រួលលើករណីវិវាទការងារ (ករណីចាស់) ដើម្បីការពារឧត្តមប្រយោជន៍របស់កម្មករនិយោជិត។ពង្រឹងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបញ្ហានៃអំពើជួញដូរមនុស្ស និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឲ្យមានភាពប្រទាក់ក្រឡា និងច្បាស់លាស់ ដើម្បីរួមសហការគ្នាដោះស្រាយឲ្យបានកាន់តែល្អប្រសើរ និងទាន់ពេលវេលា។ជាមួយគ្នានោះ ក៏បានជម្រុញឲ្យរដ្ឋបាលក្រុង ស្រុក ធ្វើការសហការជា មួយមន្ទីរអង្គភាពជំនាញ គណៈគ្រប់គ្រងសាលា គ្រប់គ្រឹះស្ថានសិក្សាអប់រំ អាណាព្យាបាល និងអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងលើគុណភាពអប់រំ និងការទប់ស្កាត់ការប្រើប្រាស់ ឬជួញដូរ បារីអេឡិចត្រូនិច ការប្រើប្រាស់គ្រឿងញៀន និងផលប៉ពាល់ ឲ្យបានកាន់តែទូលំទូលាយ ។ ជម្រុញឲ្យមន្ទីរ អង្គភាពជំនាញ និងអង្គការដៃគូ ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាកម្ម និងការគ្រប់គ្រងទិន្នន័យជនរងគ្រោះ និងករណីដែលបានបញ្ចប់ការស្តារនីតិសម្បទា ហើយត្រូវបានធ្វើសមាហរណកម្មមកមូលដ្ឋាន ដោយត្រូវផ្តល់ព័ត៌មានមកមន្ទីរសង្គមកិច្ច ឬអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការគ្រប់គ្រងទិន្នន័យឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ព្រមទាំងពង្រឹងទៅលើការអប់រំផ្សព្វផ្សាយលើការបង្ការ ទប់ស្កាត់ ការកេងប្រ័វញ្ច ការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅតាមគ្រប់គ្រឹះស្ថានសិក្សាអប់រំនៅទូទាំងខេត្ត៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប




