ក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានអបអរសាទរសមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់មួយទៀត នៅប្រទេសកម្ពុជា ខណៈដែលជើងហោះហើរដំបូងរបស់ខ្លួន បានចុះចតជាផ្លូវការនៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៥នេះ។ ជើងហោះហើរដំបូងនេះ ជាយន្តហោះ Boeing 777-300ER ដែលបានចុះចតលើកដំបូងជាប្រវត្តិសាស្ត្រនេះ ត្រូវបានស្វាគមន៍យ៉ាងអធិកអធម ពីគណៈប្រតិភូស្វាគមន៍រួមមានឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងភ្ញៀវកិត្ដិយសជាតិនិងអន្ដរជាតិ ជាច្រើនរូបទៀត។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានប្រសាសន៍ថា៖ “ប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដូច្នេះហើយការពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងជួយជំរុញទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មបានកាន់តែរីកចម្រើន។ ផ្លូវហោះហើរថ្មីនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែមានភាពស៊ីជម្រៅ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។
លោក Nabil Sultan, Executive Vice President, Passenger Sales and Country Management របស់ក្រុមហ៊ុនអាកាសចរណ៍ Emiratesមានប្រសាសន៍ថា៖“កាលពីមួយឆ្នាំមុន បានបន្តការហោះហើរទៅកាន់រាជធានីភ្នំពេញជា ហើយនៅថ្ងៃនេះបានបន្ថែមជើងហោះហើរថ្មីមួយទៀតទៅកាន់ទីតាំងថ្មី ដោយបន្ថែមទៅលើបណ្តាញហោះហើរនៅតំបន់អាស៊ីអាគ្នេយ៍របស់យើងដែលកំពុងតែមានការរីកចម្រើន។ជើងហោះហើរថ្មីនេះ បង្ហាញសារជាថ្មីនូវភាពសម្បូរបែបផ្នែកវប្បធម៌ និងសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ស្របជាមួយយុទ្ធសាស្ត្រកំណើនរបស់យើងសម្រាប់តំបន់នេះ។លោកជឿជាក់ថា ផ្លូវហោះហើរថ្មីនេះ នឹងជួយពង្រឹងបន្ថែម នូវលំហូរទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៅទូទាំងពិភពលោក ជាពិសេសជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ លោកក៍បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអាកាសយានដ្ឋានក្នុងប្រទេសកម្ពុជាសម្រាប់ការគាំទ្រ និងការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់។លោករង់ចាំអបអរសាទរភាពជោគជ័យនៃផ្លូវហោះហើរថ្មីនេះជាមួយដៃគូជាច្រើន ខណៈពេលដែលយើងចាប់ផ្តើមភ្ជាប់អ្នកដំណើរពីបណ្តាញហោះហើរសកលរបស់យើងទៅកាន់គោលដៅថ្មីដ៏គួរឲ្យទាក់ទាញនេះ។
លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជាក្រុមហ៊ុនអាកាសចរណ៍ Emirates មានប្រសាសន៍ថា៖“ដោយបានឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មនៅក្នុងប្រទេស ក្រុមហ៊ុនអាកាសចរណ៍ Emirates មានមោទនភាពដែលបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រចក្ខុវិស័យរបស់កម្ពុជា តាមរយៈការផ្តល់នូវការតភ្ជាប់ផ្លូវហោះហើរដ៏សំខាន់ទៅទីក្រុងឌូបៃ និងទៅទីកន្លែងផ្សេងៗទៀត។លោកបន្ដថា ជើងហោះហើរទីក្រុងឌូបៃ-សិង្ហបុរី-ភ្នំពេញ របស់យើងទទួលបានភាពជោគជ័យក្រោយការដាក់ឱ្យដំណើរការកាលពីឆ្នាំមុន ហើយគ្មានវិធីណាល្អប្រសើរជាងនេះដើម្បីអបអរសាទរខួបលើកទីមួយនៃជើងហោះហើរនេះ ក្រៅពីការបន្ថែមជើងហោះហើរថ្មីមួយទៀតទៅកាន់ទីតាំងថ្មីនៅប្រទេសកម្ពុជានោះទេ។លោកមានទំនុកចិត្តយ៉ាងមុតមាំលើសក្ដានុពលរបស់ខេត្តសៀមរាប និងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និង រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយផ្លូវហោះហើរថ្មីនេះដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោកឲ្យបានកាន់តែច្រើន។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះហើរបីលើកក្នុងមួយសប្តាហ៍ទៅកាន់ខេត្ដសៀមរាប ពោលគឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ខេត្តសៀមរាប ត្រូវបានកំណត់ពេលវេលាយ៉ាងល្អប្រសើរ ក្នុងគោលបំណងផ្តល់ជូនអ្នកធ្វើដំណើរកម្សាន្ត ពីទីផ្សារអឺរ៉ុប សំខាន់ៗរបស់ក្រុមហ៊ុនអាកាសចរណ៍រួមមានប្រទេសបារាំង ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ប្រទេសអេស្ប៉ាញ ប្រទេសព័រទុយហ្គាល់ និងប្រទេសរុស្ស៊ីនូវការតភ្ជាប់តាមរយៈប្រតិបត្តិការប្រចាំថ្ងៃជាច្រើន៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

0
    0
    Your Cart
    Your cart is emptyReturn to Donation