ខេត្តសៀមរាប៖នគរបាលខេត្តសៀមរាបបានអះអាងថា នៅវេលាម៉ោង២១:៥០ នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០២ នាក់ បើកម៉ូតូចំនួន០១ គ្រឿង ម៉ាកHONDA DREAM ពណ៌ខ្មៅ មិនស្គាល់ម៉ាក និងផ្លាកលេខ ប្រដាប់ដោយដុំថ្ម គប់ទៅលើតូបសាក់រូប យីហោជាងក្រឹម នៅស្រុកក្រឡាញ់ ខេត្តសៀមរាប និងបានស្រែកថា “ពួកឯងចេញមកកាប់គ្នា” ភ្លាមនោះពួកគេក៏បើកម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់។ ចំណែកអ្នកនៅខាងក្នុងតូបសាក់រូប មានគ្នាចំនួន ០៧នាក់ រួមទាំងជនរងគ្រោះ បានស្ទុះដើរចេញមកខាងក្រៅ ប៉ុន្តែមិនចំណាំបាននូវភិនភាគ ឬអត្តសញ្ញាណភាគីទំនាស់ឡើយ។ បន្ទាប់មក ឈ្មោះ ថុន ធាន ភេទប្រុស អាយុ១៧ ឆ្នាំ បានបើកម៉ូតូឌុបជនរងគ្រោះ ចេញពីតូបសាក់ ទៅយកប្រាក់ពីផ្ទះ ដើម្បីទិញរបស់ហូប ដោយឡែក នៅតូបសាក់ បក្ខពួកជនរងគ្រោះ ចំនួន០៣ នាក់ទៀត ក្នុងនោះមានឈ្មោះ កែវ វ៉ាន់ឌី ផងដែល បានជិះម៉ូតូចំនួន០២ គ្រឿង មកដល់
ក៏មានអ្នកនិយាយប្រាប់ពួកគេពីទំនាស់ខាងលើ បន្តិចក្រោយមកឈ្មោះ ថុន ធាន និងឈ្មោះ ប៉ៃ ចាន់ថា ហៅឃ្លី បានបើកម៉ូតូឌុបគ្នាមកវិញ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណឈរ នៅទី ងងឹតជាប់មាត់ថ្នល់ជាតិ ប្រដាប់ដោយដាវសាំម៉ូរៃគប់ចំក្បាល ជនរងគ្រោះឈ្មោះ ប៉ៃ ចាន់ថា ហៅឃ្លី ដែលជិះក្រោយ ចំក្បាលផ្នែកខាងក្រោយ លើត្រជៀកខាងឆ្វេង ធ្លុះទៅក្បាលផ្នែកខាងស្តាំបណ្តាលឱ្យរូបគេធ្លាក់ពីលើម៉ូតូ សន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យគុន្ធបុប្ផា ដើម្បីសង្គ្រោះ តែជនរងគ្រោះ បានសា្លប់ នៅវេលាម៉ោង០១:០០ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
នគរបាលបានបន្តថាក្រោយពីទទួលបានព័ត៌មាន និងយោងតាមពាក្យបណ្តឹង របស់ក្រុមគ្រួសាររងគ្រោះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ផែននគរបាលការងារព្រហ្មទណ្ឌ សហការជាមួយ អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ព្រមទាំងមានកិច្ចសហការណ៍ល្អ ពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ យើងបានធ្វើការស្រាវជ្រាវ និង កំណត់បាន មុខសញ្ញាជនដៃដល់ និងបក្ខពួក សរុបចំនួន ០៩នាក់ជាបន្តបន្ទាប់៖
-ទី១-ឈ្មោះ កែវ វ៉ាន់ឌី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ គ្មាន ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិទម្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ជនដៃដល់)
-ទី២-ឈ្មោះ ឈុំ សុថាត់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកសិករ ទីកន្លែងកំណើត ស្រុកពួក ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិគៀនបន្ទាយ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (សមគំនិតក្នុងអំពើឃាតកម្ម)
-ទី៣-ឈ្មោះ ហឿន ប្រុសនុត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិកៀនបន្ទាយ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (សមគំនិតក្នុងអំពើឃាតកម្ម)
-ទី៤.ឈ្មោះ ឈិន តូច ហៅក្រួច ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងសាក់រូប ទីកន្លែងកំណើតភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ន ភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប(សមគំនិតក្នុងអំពើឃាតកម្ម)
-ទី៥.ឈ្មោះ ថុន វណ្ណៈ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរជាងសាក់រូប ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប(សមគំនិតក្នុងអំពើឃាតកម្ម)
-ទី៦.ឈ្មោះ ផាត់ សុផន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន ទីកន្លែងកំណើតភូមិពង្រ ឃុំត្រាំសរសរ ស្រុកស្រីស្នំ ខេត្តសៀមរាប និងលំនៅបច្ចុប្បន្នភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប(សមគំនិតក្នុងអំពើឃាតកម្ម)
-ទី៧.ឈ្មោះ ចាន់ សីលា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងសាក់រូប ទីកន្លែងកំណើតភូមិស្នាតេជោ ឃុំបល្ល័ង្ក ស្រុកប្រសាទបាគង ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។(សមគំនិតក្នុងអំពើឃាតកម្ម)
-ទី៨.ឈ្មោះ គ្រី សារ៉ូ ហៅបារាំង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន ទីកន្លែងកំណើតនិងទីលំនៅបច្ចុប្បន្នភូមិត្រយ៉ូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។(សមគំនិតក្នុងអំពើឃាតកម្ម)
-ទី៩.ឈ្មោះ ណាត់ រ៉ូតទី ភេទប្រុស អាយុ ១៣ឆ្នាំ ០៦ខែ ០២ថ្ងៃ (០៨.១២.២០១១) មុខរបរ សិស្ស ទីកន្លែងកំណើតនិងទីលំនៅបច្ចុប្បន្នភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ(សមគំនិតក្នុងអំពើឃាតកម្ម) ជនសង្ស័យរូបនេះ ជាអនីតិជន មានអាយុក្រោម១៤ ឆ្នាំ ត្រូវបានអនុញាតអោយធានា ។
មូលហេតុ ជនដៃដល់ ដែលបក្សពួកជនរងគ្រោះ ច្រឡំជនរងគ្រោះ និងអ្នកបើកម៉ូតូឌុប ថាជាភាគីទំនាស់ ក៏គប់ដាវត្រូវចំជាប់ក្បាលជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យទាំងអស់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ដកស្រង់ពី SRP


