បន្ទាយមានជ័យ÷ នគរបាលប៉ុស្តិ៍អូរបីជាន់ នៃ វរសេនាតូចការពារព្រំដែនគោក ៩១១ បាន បង្រ្កាបក្រុមឈ្មួញ នាំសាច់ មាន់ សាច់ជ្រូក ប្រហិត បានជាបន្តបន្ទាប់ ដែលក្រុមឈ្មួញទាំងនេះ បានលួចនាំចេញពីប្រទេសថៃ ចូលមកកម្ពុជា ទាំងយប់ ទាំងថ្ងៃ ខណៈបញ្ហាព្រំដែនកម្ពុជា-ថៃ នៅមានភាពតានតឹង ដោយការឈ្លានពានពីសំណាក់ចោរសៀម មកលើទឹកកម្ពុជា ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជារឲ្យបិទការនាំចូលទំនិញគ្រប់ប្រភេទ ពីប្រទេសថៃ ចូល កម្ពុជា ទាំងស្រុង តែបែរជានៅតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេស ច្រករបៀងក្នុងភូមិអូរបីជាន់ នៅតែសង្កេតឃើញថា មានក្រុមឈ្មួញ បន្តលួចនាំចេញ សាច់មាន់ សាច់ជ្រូក កោះមាន់ និង ប្រហិត ពីប្រទេសថៃ ចូលកម្ពុជា យ៉ាងគគ្រឹកគគ្រេង ដោយករណីនេះ កំពុងធ្វើឲ្យពលរដ្ឋខ្មែរ មានការព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាសុខភាព និង អាយុជីវិត ។
សូមរំលឹកថា កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥កន្លងទៅ កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបីជាន់ បានសហការជាមួយកម្លាំងប៉ុស្តិ៍៩១១ ស្ទាក់ចាប់បាន ក្រុមឈ្មួញ ដែល កំពុងធ្វើសកម្មភាព ដឹកជញ្ជូន សាច់មាន់ ប្រហិត និង កោះមាន់ តាមរយៈម៉ូតូកង់បី បម្រុងយកទៅចែកចាយក្នុងក្រុងប៉ោយប៉ែត ។ ក្រោយឃាត់ខ្លួន កម្លាំងប៉ុស្តិ៍៩១១ បានបញ្ជូនជនពាក់ព័ន្ធនិង វត្ថុតាងទៅវរសេនាតូច៩១១ដើម្បីកសាងសំណុំរឿងចាត់ការបន្ត។
ដោយឡែក តាមការជាក់ស្ដែង នៅវេលាម៉ោងប្រមាណជា ៩ និង ៤៤ នាទី យប់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍អូរបីជាន់ នៃ វរសេនាតូចការពារព្រំដែនគោក៩១១ បានធ្វើការទប់ស្កាត់ បង្រ្កាបបាន ក្រុមឈ្មួញ កំពុងធ្វើសកម្មភាព ដឹកជញ្ជូន ប្រហិត ដែលពួកគេ នាំចេញមកពីប្រទេសថៃ ចូលកម្ពុជា តាមចំនុចវត្តចាស់ ចំងាយពីទីលានសត្ត្តឃាតអូរបីជាន់ប្រមាណជា ១០០ម៉ែត្រ ក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលក្នុងភូមិសាស្ត្រនេះ គ្រប់គ្រងដោយ កងការពារព្រំដែនលេខ៥០៣ ។
ក្នុងនោះនគរបាលបានធ្វើឃាត់ខ្លួនបុរសម្នាក់ មានឈ្មោះ សុង សិទ្ធិ អាយុ ២២ ឆ្នាំ រួមជាមួយ ម៉ូតូកង់បី និង វត្ថុតាង ជាក់ស្តែង គឺ ប្រហិត ចំនួន ៤ការ៉ុង ស្មើនិង ១៣០គីឡូក្រាម ។ បុរសម្នាក់នេះបានឲ្យដឹងថា រូបគេ បានយកប្រហិតនេះមកពីប្រទេសថៃ ចូលតាមច្រករបៀង មួយកន្លែង តាមចំណុចវត្តចាស់ ក្បែផ្ទះឈ្មោះជាតិ កូនតាទំ ក្នុងភូមិអូរបីជាន់ និង ដឹកជញ្ជូនយកទៅអោយថៅកែ នៅប៉ោយប៉ែត ។
ក្រោយឃាត់ខ្លួន បុរសឈ្មោះ សុង សិទ្ធិ រួមជាមួយ មធ្យោបាយដឹកជញ្ជូន និង វត្ថុតាង ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍អូរបីជាន់ នៃវរសេនាតូចការពារព្រំដែនគោក ៩១១ បានកាសាងសំណុំរឿង បញ្ជូនទៅ ទីបញ្ជាការដ្ឋាន វរសេនាតូចការពារព្រំដែនគោក៩១១ ដើម្បី ចាត់ការបន្ត ។
ជុំវិញករណីនេះ នៅព្រឹក ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោក ៩១១ បានឲ្យសារព័ត៌មានយើងដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជនសង្ស័យ (ឈ្មួញ) ត្រូវបានកសាងសំណុំរឿងបញ្ជួនទៅឲ្យអធិការស្រុកអូរជ្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
តែទោះយ៉ាងណាក៏ដោយ មហាជន កំពុងឆ្ងល់ថា នៅភូមិអូរបីជាន់ គឺសង្កេតឃើញថា មានកម្លាំងកងការពារព្រំដែនលេខ៥០៣ ជាកម្លាំងជួរមុខ និងគ្រប់គ្រងក្នុងភូមិសាស្ត្រមួយនេះ តើហេតុអ្វី ទើបក្រុមឈ្មួញទាំងនេះ អាចធ្វើការដឹកជញ្ជួនសាច់មាន់ សាច់ជ្រូក ប្រហិត ចូលមកកម្ពុជា បានដោយរលូនបែបនេះ? តើពិតជាដូចពាក្យចាស់បានពោលដែរឬទេ ” បើខ្មោចស្រុក មិនបើកដៃ ខ្មោចព្រៃក៏មិនហ៊ាន” ? តើក្រុមឈ្មួញ អាចដឹកជញ្ជូនសាច់មាន់ សាច់ជ្រូក កោះមាន់ និង ប្រហិត រៀងរាល់យប់ អាចពាក់ព័ន្ធនិង ការបើកភ្លើងខៀវ ពីកម្លាំង៥០៣ ដែលជាកម្លាំងជួរមុខ ក្នុងភូមិអូរបីជាន់នេះដែរឬទេ?
ដូច្នេះសូមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំ អូន មេបញ្ជាការយោធភូមិភាគទី៥ ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មេត្តា ដាក់កម្លាំង សិក្សាស្រាវជ្រាវ វែករកមុខ អ្នកពាក់ព័ន្ធ ដែលលួចឃុបឃិតគ្នាជាមួយក្រុមឈ្មួញ ដើម្បី ចាត់ការតាមផ្លូវច្បាប់ផងចុះ៕



