អ៊ុក ផ្លុង សៀមរាប÷ ដោយមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា មានអេស្កាវ៉ាទ័រ ចំនួនមួយគ្រឿង បានធ្វើសកម្មភាពជីកកកាយដីភ្នំ ជាច្រើនថ្ងៃ និងច្រើនកន្លែង មិនដឹងថាមានច្បាប់អនុញ្ញាតឬក៏អត់ ម្យ៉ាងវិញទៀត មិនដឹងយកដីភ្នំទៅធ្វើអ្វីឯណាដែរ? ទន្ទឹមនឹងនោះកាលពីថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានបានទៅដល់គោលដៅ តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ឃើញថាពិតជាមានរណ្តៅដីលើភ្នំជាច្រើនកន្លែង ដែលត្រូវបានជីកកាយដោយអេស្កាដូចអ្វីដែលប្រជាពលរដ្ឋ បានផ្ដល់ដំណឹងពិតប្រាកដមែន ព្រមទាំងឃើញអេស្កាចំនួន១ គ្រឿងទុកបញ្ឈរចោល នៅលើភ្នំក្បែររណ្តៅដី ដែលបានជីកកកាយកអាចម៍ចាស់ និងដីថ្មីៗផងដែរ។ ករណីនេះកើតឡើងនៅត្រង់ចំណុច ភ្នំខ្ទុំ ស្ថិតក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ពាក់ព័ន្ធករណីខាងលើនេះមេឃុំខ្វាវ លោក ធិន ភី បានបកស្រាយ ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកដឹងថាគេយកគ្រួសទៅធ្វើផ្លូវ ប៉ុន្តែរឿងកាយដីភ្នំណា? យកទៅណា? លោកមិនបានទេដឹងទេ ព្រោះគ្មានពាក្យស្នើសុំជីដីភ្នំមកសាលាឃុំទេ។ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ លោក ភោគ វីរៈ ក៏បានឆ្លើយប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទដែរថា ថ្វីបើ ភ្នំខ្ទុំ ជាដែនសមត្ថកិច្ចរបស់លោកក៏ពិតមែន ប៉ុន្តែលោកគ្មានពេលដេកចាំមើល បទល្មើសជិកកកាយដីភ្នំនោះឡើយ ពោលគឺលោកមិនបានដឹងព្រោះគ្មាននរណាបានរាយការណ៍មកលោកទេ។ អ្នកសារព័ត៌មានមិនអាចសុំការបកស្រាយ ពីម្ចាស់គ្រឿងចក្របានទេ ព្រោះយើងខ្ញុំមិនដឹងថា ម្ចាស់អាជីវកម្មជានរណា? ហើយក៏គ្មានលេខទូរស័ព្ទ ដើម្បីធ្វើការទំនាក់ទំនងផងដែរ។

   ជាចុងក្រោយប្រជាពលរដ្ឋ សូមសំណូមដល់ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្ដម ប្រាក់ សោភ័ណ្ឌ មេត្តាណែនាំ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ទៀ គឹមសុទ្ធ ឲ្យណែនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនយកចិត្តទុកដាក់ការពារ និងអភិរក្សចំពោះធនធានធម្មជាតិ ព្រោះវាជាតួនាទី និងកាតព្វកិច្ចរបស់ខ្លួន កុំយកពាក្យថាគ្មានពេលដេកចាំមើល បទល្មើសជីកកាយដីភ្នំ ពាក្យនេះលឺចេញទៅក្រៅ ខ្មាសគេជាងលេចពង កណ្ដាលផ្សារទៅទៀត។ ពួកគាត់បន្តថាដោយសារតែទស្សនៈ គ្មានទំនួលខុសត្រូវចំពោះ តួនាទីនិងភារកិច្ចខ្លួនដូច្នេះហើយ ទើបដីព្រៃដីភ្នំក្នុងឃុំខ្វាវ ស្រុកជីក្រែងជាសម្បត្តិរដ្ឋ បានក្លាយជាកម្មសិទ្ធិរបស់ឯកជន ស្ទើរតែទាំងអស់ទៅហើយ។ ជាក់ស្តែងភ្នំខ្ទុំ នេះតែម្ដង ខាងជើង ខាងលិច និង ខាងត្បូង បានក្លាយជាចំការដំឡូងមីរបស់ឯកជនអស់ហើយ រីឯខាងកើតអេស្កាវ៉ាទ័របានចាប់ ផ្ដើមធ្វើសកម្មភាពបណ្តើរៗ ទោះបីជាយ៉ាងណាក៏ដោយ អ្នកសារព័ត៌មាន យើងខ្ញុំ មិនបានដឹងពីមូលហេតុពិតប្រាកដ ថាអេស្កាជីកដីភ្នំខ្ទុំ យកទៅធ្វើអ្វី ហើយក៏មិនដឹងថា ហេតុអ្វីបានជាបញ្ឈប់សកម្មភាព សូម្បីតែអាជ្ញាធរឃុំ និងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវក៏មិនដឹងដែរ។ អង្កភាពយើងខ្ញុំរងចាំការបកស្រាយពីម្ចាស់អាជីវកម្ម និងស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការពេលក្រោយ៕

0
    0
    Your Cart
    Your cart is emptyReturn to Donation