ថ្លែងក្នុងសិក្ខាសាលា ពិគ្រោះយោបល់កម្រិតបច្ចេកទេស «ផែនការរៀបចំផ្លូវទស្សនាចរណ៍ និងកញ្ចប់ទស្សនកិច្ចទេសចរណ៍ សម្រាប់ខេត្តសៀមរាប និងតំបន់ជុំវិញ» នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោក ណេប សាមុត រដ្ឋលេខា ធិការទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញថា កម្ពុជាមានចក្ខុវិស័យ ប្រែក្លាយខ្សែទស្សនាចរណ៍អន្តរខេត្ត ជាចង្កោមគោលដៅទេសចរណ៍ស្នូល និងចម្បង ក្នុងការតភ្ជាប់តំបន់សៀមរាប-អង្គរ ទៅកាន់ខេត្តជុំវិញ ដូចជា កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីជំរុញចលនាទេសចរអន្តរជាតិ ទេសចរជាតិ និងជនបរទេស ដែលកំពុងរស់នៅក្នុងកម្ពុជា។
លោក ណេប សាមុត បញ្ជាក់ថា ចក្ខុវិស័យនេះ គឺស្របតាមប្រសាសន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ «ប្រទាក់ក្រឡាទៅហើយ បើយើងប្រទាក់ក្រឡាទីផ្សារក្នុងស្រុកកាន់តែច្រើន យើងជំនួសការនាំចូល ឬពឹងផ្អែកទៅលើការ នាំចូលទេសចរពីក្រៅកាន់តែច្រើន យើងបង្កើតច្រើន យើងម្ចាស់ការខ្លួនឯងបានច្រើន នេះគឺការឯករាជ្យភាពរបស់យើង មិនមែនបានន័យថា យើងឈប់ធ្វើទំនាក់ទំនង ជាមួយប្រទេសផ្សេងទេ តែក្នុងស្រុករបស់យើង សក្តានុពលច្រើនណាស់ សូមភ្ជាប់ឲ្យច្រើន»។ លោក បញ្ជាក់ទៀតថា នេះជាការជំរុញការប្រកួតប្រជែង ដើម្បីបែងចែកផលប្រយោជន៍ រវាងគោលដៅទេសចរណ៍អន្តរខេត្ត តាមរយៈការបំពេញបន្ថែមភាពចម្រុះ និងភាពទាក់ទាញ រួមចំណែកដល់ការលើកកម្ពស់ សេដ្ឋកិច្ចមូលដ្ឋាន ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ និងរួមចំណែកដល់ការអភិវឌ្ឍ និងអភិរក្សធនធានវប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ។ វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺសិក្សារៀបចំ៖ ១. បង្កើតសៀគ្វីទេសចរណ៍បេតិកភណ្ឌពិភពលោក, ២. បង្កើតសៀគ្វីទេសចរណ៍ខេត្តសៀមរាប ភ្ជាប់នឹងបណ្តាខេត្តជុំវិញ។ ពិសេសអនុវត្តតាមប្រសាសន៍សម្តេចធិបតី ក្រោមទម្រង់ជាដំណាក់កាល ជាជំហានៗ តាមរយៈអភិក្រម “ផ្ការីក” ហើយគំរូនៃការអភិវឌ្ឍគឺលំនាំតាម “គោលដៅស្នូល និងគោលដៅគាំទ្រ (Hub and Spokes)” ។ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ សំខាន់របស់ប្រទេស មានសម្បត្តិធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រ ដូច្នេះការមានប្រព័ន្ធគ្រប់គ្រង ទិន្នន័យស្ថិតិដែលត្រឹមត្រូវ និងទាន់សម័យ គឺជាឧបករណ៍គាំទ្រសំខាន់ សម្រាប់ការអភិវឌ្ឍយុទ្ធសាស្ត្រ ទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងឆ្លងកាត់បញ្ហាប្រឈមនានា ឱ្យទទួលបានជោគជ័យ ដូច្នេះតាមរយៈសិក្ខាសាលានេះ លោកជឿជាក់ថា នឹងទទួលបាននូវធាតុចូលសំខាន់ៗ ជាច្រើនពីបងប្អូនសិក្ខាកាមទាំងអស់ ពិសេសបងប្អូនដែលអញ្ជើញមក ពីក្រុមហ៊ុនទេសចរណ៍ ដែលមានបទពិសោធន៍ច្រើន ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចក្នុងខេត្តសៀមរាប ដែលនឹងផ្តល់នូវធាតុចូលចំណេះដឹងថ្មីៗ និងចែករំលែកនូវបទពិសោធន៍ដ៏មានតម្លៃ ជូនដល់ក្រុមការងារ ដើម្បីជាប្រយោជន៍រួមក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាជាតិទាំងមូល៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប



