ក្នុងឱកាសចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ និងហានិភ័យនៃព័ត៌មានក្លែងក្លាយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្ដាមន្ទីរ អង្គភាពក្នុងខេត្ត ស្របតាមយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តសៀមរាប បានអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងខេត្ត រួមគ្នាប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយគ្រប់រូបភាព តាមរយៈការចូលរួមផ្សព្វផ្សាយព័ត៌មានពិត ខណៈព័ត៌មានក្លែងក្លាយ បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

លោក បុង ឆវ័ន ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្ត បានបញ្ជាក់ថា ការផ្សព្វផ្សាយពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់សុវត្ថិភាពព័ត៌មានក្នុងសហគមន៍ និងសង្គមជាតិទាំងមូល ការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ ដែលអាចបណ្ដាលមកពីព័ត៌មានក្លែងក្លាយ។ កន្លងមកព័ត៌មានក្លែងក្លាយជាច្រើនត្រូវបានប្រឌិតឡើង តាមរយៈអត្ថបទ រូបភាព វីដេអូ ឬជាសំឡេង នៅលើប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗ ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ បោកប្រាស់ កេងចំណេញ អាជីវកម្ម សេដ្ឋកិច្ច នយោបាយ និងធ្វើឱ្យជ្រួលច្របល់ដល់សង្គមជាតិ។ លោក បុង ឆវ័ន បញ្ជាក់ទៀតថា ស្របពេលប្រទេសជាតិ មានជម្លោះព្រំដែននេះដែរ មានក្រុមមួយចំនួនតូច បានក្លែងបន្លំព័ត៌មាន ដែលធ្វើឱ្យប្រជាពលរដ្ឋ មានការយល់ច្រឡំ ដូច្នេះទាមទារឱ្យប្រជាពលរដ្ឋមានការផ្ទៀងផ្ទាត់ តាមដានព័ត៌មានដែលមានប្រភពផ្លូវការ ដូចជា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អង្គភាពអ្នកនាំពាក្យ និងផេកផ្លូវការមួយចំនួនរបស់រដ្ឋជាដើម ដើម្បីទទួលបាននូវព័ត៌មានពិត ច្បាស់លាស់ និងត្រឹមត្រូវ។

បើតាមមន្ត្រីតាមបណ្ដាមន្ទីរ មួយចំនួនក្នុងខេត្តសៀមរាប ពួកគាត់បានលើកឡើងថា ការជឿ និងចែករំលែកព័ត៌មានក្លែងក្លាយ វាបានប៉ះពាល់យ៉ាងខ្លាំង ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងសង្គមជាតិ ករណីដែលយើងក្ដាប់ព័ត៌មាន មិនបានគ្រប់ជ្រុងជ្រោយ។ ដូច្នេះសូមប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ កុំចែករំលែកនូវព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ដែលវាអាចនឹងបង្កចលាចលដល់សង្គមជាតិទាំងមូល៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

0
    0
    Your Cart
    Your cart is emptyReturn to Donation