នៅព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៥នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងប្រទេស ប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប យើងសង្កេតឃើញ នៅតាមមណ្ឌលប្រឡងទាំង ១៦មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១៣  ។   ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមបើកកេសវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡង ដោយឡែកនៅមណ្ឌលវិទ្យាល័យ១០មករា ១៩៧៩ ក្នុងក្រុងសៀមរាបក្រោមវត្តមានឯកឧត្តម ម៉ក់ សំភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម លោកជំទាវ  ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាគណៈអភិបាលខេត្ត នៅតាមមណ្ឌលទាំង ១៦ក្នុងក្រុងសៀមរាបផងដែរ ។

តាមការបញ្ជាក់របស់លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២៤-២០២៥នេះ មាន១៦មណ្ឌលប្រឡង ស្មើនឹង ៤៤៩បន្ទប់ ដែលមានសិស្សប្រឡងសរុប ១១ពាន់១៦២នាក់ ស្រី៦ពាន់៥១៤នាក់ ។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៥មណ្ឌល មាន១៣៣បន្ទប់ មានបេក្ខជន សរុប ៣ពាន់៣០០នាក់ ស្រី ១ពាន់៩៦៣នាក់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១១មណ្ឌល មាន ៣១៦បន្ទប់ មានបេក្ខជន សរុប ៧ពាន់៨៦២នាក់ ស្រី ៤ពាន់៥៥១នាក់ ។ ចំពោះវិញ្ញាសារ ប្រឡង មាន១០មុខវិជ្ជា គឺ គណិតវិទ្យា ភាសាខ្មែរ គីមីវិទ្យា ភូមិវិទ្យា, ប្រវត្តិវិទ្យា ,ពលរដ្ឋវិទ្យា ,ផែនដីវិទ្យា ,រូបវិទ្យា ,ជីវៈវិទ្យា និងភាសារបរទេស។

នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និង ឯកឧត្តម ម៉ក់ សំភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស និង ក្មួយៗជាបេក្ខជនទាំងពីរភេទបានឲ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សា នៅ មធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យសកលវិទ្យាល័យផងដែរ ។ ម៉្យាងទៀតបេក្ខជនទាំងពីរភេទ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឲ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះរិះ ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និង ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និង ប្រកាន់យកនូវគោលការណ៍ «ចេះជាប់»។ 

ឯកឧត្តមបានបន្តថា ការប្រឡងនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង  ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំកន្លងមក និងស្វែងរកនូវធនធានមនុស្ស ជាទំពាំងស្នងឫស្សី ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ដែលបានចាត់ទុក    វិស័យអប់រំ ជាវិស័យអាទិភាពចម្បង ក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទីមួយ ។ សូមបញ្ជាក់ផងដែរថា មុនពេលបេក្ខជនចូលទៅក្នុងមណ្ឌលប្រឡង អ្នកសារព័ត៌មានយើងបាន សង្កេតឃើញ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រុមគណៈកម្មការមេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជនចូលប្រឡង ធ្វើការលាក់បំបាំងទុកឯកសារយ៉ាងណាក៏ដោយ បានសហការគ្នាល្អ ធ្វើការឆែកឆេ និង ដកហូតនូវឯកសារទាំងនោះ ដោយមានការ ប្រុងប្រយ័ត្នខ្ពស់  មិនឲ្យឯកសារទាំងនោះហូរចូលទៅក្នុងបន្ទប់ប្រឡងបានឡើយ ៕  ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

0
    0
    Your Cart
    Your cart is emptyReturn to Donation