តាមការបញ្ជាក់របស់លោក ស៊ិន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងរយៈពេលដែលប្រទេសកម្ពុជាយើង ទទួលរងនូវសម្ពាធអាកាសទាប បានបណ្តាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នាប៉ន្មានថ្ងៃមកទេ បានបណ្តាលឲ្យឃុំចំនួនបីនៅបែកខាងលើ របស់ស្រុក  ពួក ទទួលរងការលិចលង់ដោយទឹកភ្លៀង មានឃុំ ត្រីញ័រ , ឃុំរើល និង ឃុំកែវពណ៌ ។

លោកបានបញ្ជាក់ថា ឃុំទាំងបីដែលរងការលិចលង់ជំនន់ទឹកភ្លៀងនេះ ធ្វើឲ្យប៉ះពាល់ភូមិចំនួន ១៩ភូមិ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន២៥៥គ្រួសារ ,មណ្ឌលសុខភាព ២កន្លែង ,សាលារៀន ២ខ្នង ស្នាក់ការបក្ស ១កន្លែង ,ប៉ុស្តិនគរបាលរដ្ឋបាល ១កន្លែង ,វត្ត ១កន្លែង ,ទឹកលិចហូរកាត់ផ្លូវកៅស៊ូ ២ខែ្ស ប្រវែង ១១០ម៉ែត្រ ,និង ផ្លូវលំ ចំនួន ៣០ខ្សែ មានប្រវែង ១៥ពាន់៨៣០ម៉ែត្រ និង លិចដំណាំស្រូវ ១៧៦ហិចតា ។

ក្នុងការចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនោះដែរ លោក ស៊ិន ចាន់ថុល ក៏បានធ្វើការណែនាំដល់អាជ្ញាធរឃុំ និង នគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវធ្វើការពិនិត្យ នូវផ្លូវចរន្តទឹកហូរដែលប្រជាពលរដ្ឋ បានធ្វើការបិទ ឬ ក៏ដាក់លូ មិនបាន ត្រឹមត្រូវ ដែលរង្វង់មុខលូតូច ដែលធ្វើឲ្យចរន្តទឹកហូរមិនទាន់ ។ ម៉្យាងទៀតនៅតាមប្រព័ន្ធប្រឡាយមួយចំនួន ដែលបងប្អូនយើងបានបិទកាត់តាមប្រឡាយ ក៏ជាបញ្ហាដែលធ្វើឲ្យចរន្តទឹកហូរមិនទាន់ ចុះទៅផ្នែកខាងក្រោម ។ ក្នុងនោះដែរលោកអភិបាលស្រុក ក៏បានណែនាំដល់ប្រធានមណ្ឌលសុខភាព និង នាយប៉ុស្តិ៍នគរបាល ត្រូវធ្វើការទុកដាក់នូវ សម្ភារៈបរិក្ខាពេទ្យឲ្យបានល្អ និង រាល់ឯកសារ ឲ្យបានត្រឹមត្រូវ ក្នុងពេលកំពុងលិចទឹកនេះ ព្រមទាំងសូមឲ្យគ្រូពេទ្យ សហការជាមួយឃុំ ភូមិ ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ អំពីអនាម័យ សុខភាព ក្នុងពេលដែលជួបគ្រោះមហន្តរាយ នេះ  ៕

ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

0
    0
    Your Cart
    Your cart is emptyReturn to Donation