(ភ្នំពេញ)៖ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ផ្ទុះការវែកញែកយ៉ាងច្រើន ករណីឃាត់រថយន្តដឹកអង្ករដំណើប នាំចូលពីប្រទេសឡាវតាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ដោយចោទប្រកាន់ថាអង្ករដំណើបទាំងនោះជារបស់ថៃ និងចោទថាមន្ត្រីកម្ពុជាខ្វះមនសិការជាតិនិយមផងដែរនោះ, នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អង្ករដំណើបជាង៨០តោននោះ គឺជាអង្កររបស់ប្រទេសឡាវ នាំចូលមកម្ពុជា មិនមែនជារបស់ប្រទេសថៃឡើយ។

លោករដ្ឋមន្ត្រីប្រតិភូបញ្ជាក់ថា «អង្ករដំណើបទាំងអស់នោះ គឺនាំចូលពីឡាវ ហើយមានបង់ពន្ធ ដូចមានលិខិតបញ្ជាក់ជូន»

ជាមួយគ្នានេះ លោកអគ្គនាយកបានសំណូមដល់បងប្អូន អ្នកប្រើប្រាស់បណ្តាញសង្គម សូមពិចារណា និងស្វែងរកការពិតឱ្យបានច្បាស់លាស់ មុននឹងបញ្ចេញមតិនានា ដែលប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

បើតាមមន្ត្រីគយ អង្ករដំណើបដែលនាំចូលពីប្រទេសឡាវនេះ គឺអ្នកនាំចូលដឹកជញ្ជូនតាមទូកហើយបង់ពន្ធ បន្ទាប់ពីបង់ពន្ធរួចម្ចាស់ទំនិញបានយកអង្ករដំណើបទាំងនោះ មករក្សាទុកនៅក្នុងឃ្លាំង ពេលមានតម្រូវការបញ្ជាទិញពីរាជធានីភ្នំពេញ ឬខេត្តផ្សេងៗ ទើបដឹកចេញតាមរថយន្តទៅកាន់ទីតាំងដែលមានតម្រូវការទាំងនោះ។

ពាក់ព័ន្ធស្ថានភាពការខ្វះខាតអង្ករដំណើបនៅកម្ពុជា លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីប្រទេសឡាវ វៀតណាម និងថៃ ប៉ុន្តែក្នុងចំណោមប្រទេសទាំង៣នេះ ការនាំចូលពីប្រទេសឡាវមានច្រើន ដោយសារឡាវដាំដុះអង្ករដំណើបច្រើន និងមានគុណភាពល្អជាងអង្ករដំណើបរបស់វៀតណាម ចំណែកឯថៃ វិញនាំចូលតិចតួច ព្រោះថៃក៏មានតម្រូវការអង្ករដំណើបច្រើន ដែលត្រូវនាំចូលពីប្រទេសឡាវផងដែរ។

លោកបន្ថែមថា ដោយសារតែស្រូវដំណើបមានទិន្នផលតិច មានរយៈពេលយូរ និងប្រកាន់រដូវ ដូច្នេះបងប្អូនប្រជាពលរដ្ឋមិនសូវនិយមដាំដុះច្រើនឡើយ ដូច្នេះទើបយើងខ្វះខាតអង្ករដំណើប។ បន្ថែមពីនេះ រដូវបុណ្យភ្ជុំបិណ្ឌជិតខិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ហើយការប្រមូលផលអង្ករដំណើប របស់កសិករយើងក៏មិនទាន់ដល់ ព្រោះជាទូទៅស្រូវដំណើបត្រូវប្រមូលផលចុងខែតុលា ឬដើមខែវិច្ឆិកា ដូច្នេះច្បាស់ណាស់ ត្រូវការនាំចូលជាចាំបាច់។

ទោះជាយ៉ាងនេះក្តីក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងជំរុញឱ្យមានការដាំដុះអង្ករដំណើប ឱ្យបានច្រើនជាងមុន ដោយបានផ្សព្វផ្សាយជំរុញនូវការដាំដុះស្រូវដំណើប ពូជ «ស្បៃមង្គល» ដែលបានចុះបញ្ជីចុះម៉ាកអង្ករសមូហភាព កាលពីឆ្នាំ២០២២។

បើតាមលោកអគ្គលេខាធិការ ចំពោះអង្ករដំណើបជាង៨០តោន ដែលសមត្ថកិច្ចឃាត់នោះ គឺមិនទាន់អាចបញ្ជាប់ប្រភពច្បាស់ថា នាំចូលពីឡាវ ឬថៃនោះទេ ប៉ុន្តែគ្រាន់ស្ថានជាក់ស្តែងថៃ ក៏មានតម្រូវការអង្ករដំណើប ត្រូវនាំចូលពីឡាវដូចកម្ពុជាដែរ៕

ប្រភព FRESH NEWS

0
    0
    Your Cart
    Your cart is emptyReturn to Donation