ក្រុមប្រឹក្សាខេត្តសៀមរាប ដែលជាក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ហៅកាត់ថា “ក្រុមការងារក្រុមប្រឹក្សា” បានចុះជួបសំណេះសំណាល ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ទាក់ទងនឹងការងារវិស័យអប់រំ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការងារសុខាភិបាល ការងារ រដ្ឋាករទឹក វប្បធម៌ និងវិចិត្រសិល្បៈ ការងារធម្មការ និងសាសនា ការងារវិស័យព័ត៌មាន ការងារកិច្ចការនារី និងការងារសង្គមកិច្ច នៅក្នុងមូលដ្ឋានស្រុកពួក  ដែលធ្វើឡើងនៅក្នុងបរិវេណវត្តឥស្សរារាម ហៅវត្តពួក នៅព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០២៥។

លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារក្រុមប្រឹក្សាបានមានប្រសាសន៍ថា ការងារចុះមូលដ្ឋានរបស់ “ក្រុមការងារក្រុមប្រឹក្សា” គឺជាកិច្ចការដ៏សំខាន់មួយក្នុងការធានាថា តម្រូវការនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋត្រូវបានទទួលស្គាល់ និងដោះស្រាយដោយអាជ្ញាធរមូលដ្ឋាន។ លោកបញ្ជាក់ពីគោលបំណងស្នូល នៃការចុះមូលដ្ឋានគឺដើម្បីជួបសំណេះសំណាល និងសួរសុខទុក្ខ បង្កើតទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងលើកទឹកចិត្តដល់ពួកគាត់ ស្តាប់សំណូមពរ និងដោះស្រាយបញ្ហា ប្រមូលព័ត៌មានដោយផ្ទាល់មាត់ ពីប្រជាពលរដ្ឋអំពីបញ្ហាប្រឈមជាក់ស្តែង និងតម្រូវការចាំបាច់ ដើម្បីជាមូលដ្ឋានក្នុងការចាត់វិធានការដោះស្រាយឲ្យទាន់ពេល បង្កើនតម្លាភាព និងគណនេយ្យភាព បង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន និងធានាថាការសម្រេចចិត្តនានា ឆ្លើយតបនឹងផលប្រយោជន៍សាធារណៈ ។

នៅក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ ក៍ដូចជាអាជ្ញាធរមូលដ្ឋានដែលតំណាងឲ្យប្រជាពលរដ្ឋ ក៍បានមានមតិអំពីបញ្ហានិងសំណូមពរមួយចំនួន ដែលទាក់ទងវិស័យផ្សេងៗ ហើយត្រូវបានលោក លោកស្រី ប្រធាន អនុប្រធាន ឬ តំណាង មន្ទីរពាក់ព័ន្ធបានធ្វើការបកស្រាយ និងពន្យល់ណែនាំដូចជា វិស័យអប់រំពិនិត្យមើលគុណភាពអប់រំ សភាពហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការផ្គត់ផ្គង់សម្ភារៈសិក្សា ទាក់ទងនឹងការកែលម្អកម្មវិធីសិក្សា បញ្ហាគ្រូបង្រៀន និងតម្រូវសាលាបឋមសិក្សានិងមត្តេយ្យសិក្សា វិស័យសុខាភិបាលពិនិត្យមើលគុណភាពសេវាព្យាបាល តាមមណ្ឌលសុខភាពនិងលទ្ធភាពទទួលបានសេវាសុខាភិបាល ជាពិសេសនៅតំបន់ដាច់ស្រយាល វិស័យសាសនាការសម្របសម្រួលកិច្ចការ ទាក់ទងនឹងជំនឿសាសនា និងការងារនៅតាមទីវត្តអារាម ការងារ បញ្ហាពាក់ព័ន្ធនឹងស្ត្រី និងក្មេងស្រី ដូចជាអំពើហិង្សាក្នុងគ្រួសារ និងការលើកកម្ពស់តួនាទីស្ត្រីក្នុងការសម្រេចចិត្ត បញ្ហាទាក់ទងវិស័យព័ត៌មាន គឺធានាថាប្រជាពលរដ្ឋទទួលបានព័ត៌មានពិតប្រាកដ និងទាន់ហេតុការណ៍ពីអាជ្ញាធរ ឬរាជរដ្ឋាភិបាល ដោយក្នុងនោះ លោកអនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបក៍បានធ្វើការណែនាំដល់ប្រជាពលរដ្ឋឲ្យចេះពិចារណា និងចៀសវាងការជឿលើ ព័ត៌មានក្លែងក្លាយ (Fake News) ព្រោះមានសារៈសំខាន់ណាស់ក្នុងការថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍ផ្ទាល់ខ្លួន។ លោក យឿន ចាន់ បន្ថែមថាក្នុងនាមជាពលរដ្ឋល្អម្នាក់ ការមិនជឿ និងមិនចែករំលែកព័ត៌មានក្លែងក្លាយ គឺជាការចូលរួមចំណែកដ៏ធំធេងក្នុងការរក្សាសណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងនោះផងដែរ ឯកឧត្តម តោ គឹមស៊ាន បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ចុះមកជួបសំណេះសំណាលនាពេលនេះគឺទទួលបានទិន្នន័យជាក់ស្តែង ពីមូលដ្ឋានសម្រាប់ការធ្វើផែនការអភិវឌ្ឍខេត្ត ដោះស្រាយបញ្ហាដែលកើតឡើងជាបន្ទាន់និងបញ្ជូនបញ្ហាលំបាកទៅកាន់ស្ថាប័នពាក់ព័ន្ធសម្រាប់ចាត់វិធានការបន្តពង្រឹងជំនឿទុកចិត្តរបស់ប្រជាពល រដ្ឋទៅលើក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលសាធារណៈ។ហើយក្រុមការងារនេះដើរតួជាស្ពានតភ្ជាប់ដ៏សំខាន់រវាងអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ ក្នុងការជំរុញឲ្យមានការអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយបរិយាប័ន្ន និងសមធម៌៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

0
    0
    Your Cart
    Your cart is emptyReturn to Donation