ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរសមត្ថកិច្ចចម្រុះចុះបង្រ្កាប និង ឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ឃ្លាំង លាក់ទុកទំនិញគេចពន្ធរាប់សិបតោន មានសាច់បង្កកនិងទំនិញចាប់ហូយ នាំចូលពីប្រទេសថៃ ឆ្លងអូរព្រំដែនខាងជើង ច្រកតំបន់ម៉ាឡៃ ចំណុច ភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោមការដឹកនាំរបស់ លោកស្វាយ ជា អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តបន្ទាយមានជ័យបានចុះបង្រ្កាបករណីជួញដូរនាំទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមការឆ្លងកាត់អូរព្រំដែនចំណុចក្រោយផ្ទះពលរដ្ឋដែលរស់នៅជាប់អូរព្រំដែនហើយយកមកស្តុបទុកនៅនឹងផ្ទះរបស់ឈ្មោះឃុន អឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្ថិតនៅក្នុងភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។
សមត្ថកិច្ចពុំបានបញ្ជាក់លម្អិតអំពីមុខទំនិញទេដោយគ្រាន់តែប្រាប់ថា មានជាប្រភេទសាច់បង្កកជាសាច់មាន់ ស្លាបមាន់ ប្រហិត ថ្នាំដុសធ្មេញ ប្រេងកូឡា ព្រមទាំងទំនិញចាប់ហួយជាច្រើនមុខទៀតសរុបទាំងអស់ចំនួនបីរថយន្តធំ។
ទំនិញទាំងអស់ខាងលើ បើតាមប្រភពនានាបានឱ្យដឹងថា ត្រូវបានឈ្មួញនាំចូលជាប្រចាំតាំងពីថៃប្រកាសបិទច្រកព្រំដែន។ មិនត្រឹមតែមានទំនិញនាំចូលទេ ក៏មានការនាំចេញជាទំនិញបារីនិងមនុស្សជាពលករខ្មែរថៃឆ្លងដែនចេញចូលស្ទើររាល់ថៃដោយមិនថា សមត្ថកិច្ចកម្ពុជា ឬ ថៃទេតែងតែបង្ក្រាបបានជាបន្តបន្ទាប់ចំពោះព្រំដែនស្រុកម៉ាឡៃនេះ។
ក្រោយការបង្ក្រាបសមត្ថកិច្ចបានឱ្យម្ចាស់ផ្ទះឈ្មោះឃុន អឿន ធ្វើកិច្ចសន្យាឈប់ ជួល ទីតាំងដាក់ទំនិញទៀតនិងនាំខ្លួនជាមួយរថយន្តអាស៊ីណាពណ៌សមួយគ្រឿង និង ទំនិញទាំងអស់យកទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ៕



