ខេត្តសៀមរាប៖ ដោយអនុវត្តតាមបញ្ជាថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានព័ត៌មានសង្ស័យ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត។

កម្លាំងបានចុះដល់ទីតាំងលំនៅឋានមួយកន្លែងដែលស្ថិតនៅក្នុង ភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយការឃ្លាំមើលដោយយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ទឹម កាន់យូណា ហៅ តឿ ឬ យី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅវេលាម៉ោង១៧ និង ០០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

ក្រោយការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើខ្លួនជនសង្ស័យ ជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀនក្នុងខ្លួន) សមត្ថកិច្ចបានបន្តធ្វើការឆែកឆេរនៅលំនៅឋានខាងលើ ដោយរកឃើញម្សៅក្រាមពណ៌ ស ថ្លា ចំនួន ០៣កញ្ចប់ (មានតម្រុយជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន) និងសម្ភារៈវេចខ្ចប់ រួមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ក៏សាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប និងត្រូវបានចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឱ្យឃុំខ្លួនបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕

0
    0
    Your Cart
    Your cart is emptyReturn to Donation