នៅរសៀលថ្ងៃ២៣ ខែសីហា ឆ្នាំ២០២៥នេះ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និសិ្សត បុគ្គលិកសណ្ឋាគារ ផ្ទះសំណាក់ ក្រុមតាក់ស៊ីដឹកភ្ញៀវ រ៉ឺម៉ក់កង់បី ផាស្អាប់ អង្គការជាតិ អន្តរជាតិ និងប្រជាពលរដ្ឋប្រមាណជា ១ម៉ឺនអង្គ/នាក់ បានក្បួនដើរដង្ហែរ ទៅតាមបណ្ដាផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប ដើម្បីអំពាវនាវដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ និងលោកជំទាវទី១ ជំរុញរដ្ឋាភិបាលថៃឲ្យដោះលែងយោធាកម្ពុជា ដែលបានចាប់ខ្លួនក្រោយបទឈប់បាញ់ចំនួន១៨រូបត្រលប់មកប្រទេសកម្ពុជាវិញ។ ព្រឹត្តិការណ៍ក្បួនដើរដង្ហែរនេះ ក្រោមការយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចខេត្តធ្វើការសម្របសម្រួលចរាចរណ៍ផងដែរ ។
លោក ឥន យឿន អ្នករៀបចំក្បួនដង្ហែរនេះ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជម្រាបជូនទៅលោកប្រធានា ធិបតី Donald Trump លោកជំទាវទីមួយ Melania Trump និង ពិភពលោក ទាំងមូលថា ពួកយើងពិតជាមានក្តីបារម្មណ៍ និងឈឺចាប់ជាពន់ពេកដោយទាហ៊ានថៃបាននឹងកំពុងឈ្លានពានអធិបតេយ្យប្រទេសកម្ពុជា នៅតាមតំបន់ព្រំដែនទាំងកំរោល បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៨ខែកក្កដា ។ ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីវេលាម៉ោង ០០ រំលងអធ្រាត្រថ្ងៃទី២៨ខែកក្កដា ទាហ៊ានថៃបានចូលមកចាប់ទាហ៊ានខ្មែរចំនួន២០រូបនៅក្នុងដែនរអធិបតេយ្យកម្ពុជា ដែលពីរថ្ងៃក្រោយមកថៃបានបញ្ជូនពីរនាក់មកវិញដោយមានស្មារតីមិនប្រក្រតី។ រហូតមកដល់ពេលនេះកងទ័ពថៃនៅតែបន្តឃុំឃាំងទាហ៊ានខ្មែរ១៨រូប មិនព្រមដោះលែងវិញទេ ដែលរហូតមកដល់ពេលនេះមានរយៈពេល ២៥ ថ្ងៃហើយ។

លោកបន្ដថា សូមទាមទារឱ្យប្រទេសថៃប្រគល់វីរកងទ័ពកម្ពុជាទាំង១៨រូបនោះមកវិញជាដាច់ខាត។ មិនតែប៉ុណ្ណោះ ស្នើរឱ្យប្រទេសថៃដកបន្លាលួស កង់ឡានចេញពីអធិបតេយ្យកម្ពុជាវិញនៅនៅតាមខ្សែបន្ទាត់ព្រំដែន។ លោកថា ប្រជាជនកម្ពុជា ស្នើសុំដោយទទូចសុំឱ្យលោកប្រធានាធិបតី Donald Trump មេត្តាដាក់សម្ពាធទៅលើរដ្ឋាភិបាលថៃ ដើម្បីដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រឡប់មកវិញ ដោយគ្មានលក្ខខណ្ឌ។លោកបានជម្រាបជូន លោកប្រធានាធិបតី Donald Trump លោក ជំទាវទីមួយ Melania Trump និង ពិភពលោកទាំងមូលថា ផ្ទះសំបែង សាលារៀន វត្តអារាម ប្រសាទបុរាណ ខ្មែរដែលមានចំណាស់ជាង ១ពាន់ឆ្នាំ ត្រូវបានកងទ័ពឈ្លានពានថៃ ផ្លោងគ្រាប់ដាក់ ប្រើគ្រាប់បែកចង្កោម ប្រើផ្សេងពុល និងប្រើយន្តហោះ F-16 បានកំទិចឆេះខូចខាតគ្មានសល់។ ពួកយើងបានបាត់បង់ផ្ទះសម្បែង បាត់បង់ សាលារៀន វត្តអារាម ហើយបានរត់ភាសខ្លួនទៅរកកន្លែងសុវត្ថិភាព។ប្រជាពលរដ្ឋភៀសសឹកត្រូវការវិលត្រឡប់ទៅសាលារៀនវិញ ដើម្បីបានរៀនសូត្រ និងត្រូវការវិលទៅកាន់លំនៅឋាន និងវត្តអារាមវិញ។តំណាងឲ្យប្រជាពលរដ្ឋខ្មែរ សូមថ្លៃអំណរគុណទៅដល់លោកប្រធានាធិបតី Donald Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក Anwar Ibrahim ប្រធានអាស៊ានប្តូរវេន លោក Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយសម្របសម្រួលឲ្យមាន ការសម្រេចបទឈប់បាញ់នេះឡើង។ជាមួយគ្នានេះ ប្រជាជនកម្ពុជាគាំទ្រដោយអស់ពីដួងចិត្តចំពោះតែងតាំងលោកប្រធានា ធិបតី Donald Trump សម្រាប់ រង្វាន់ណូបែលសន្តិភាពផងដែរ ។


បន្ទាប់ពីក្បួនដង្ហែរអហិង្សា បានដើរដង្ហែរទៅតាមដងវិថីនានានៅក្នុងក្រុងសៀមរាប ដោយមានការចូលរួមសាទរពីភ្ញៀវជាតិ អន្តរជាតិ អមនៅតាមដងផ្លូវ រហូតដល់ទីកន្លែងគោរពវិធីប្រកបដោយសុវត្ថិភាព ក៏មានការអាននូវខ្លឹមសារលិខិត ផ្ញើជូនលោក ដូណាល់ត្រាំ និង លោកជំទាវ ជាភាសារខ្មែរ , អង់គ្លេស និង ភាសារបារាំង ព្រមទាំងប្រសាសន៍របស់អ្នកមីង ដែលជាម្តាយវីរៈកងទ័ព ដែលទាហានថៃចាប់ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន ដែល ប្រកបទៅដោយក្តីក្តុកក្តួលជាពន់ពេក ក្នុងសម្រែកសុំដោះលែងកូនខ្ញុំវិញមកម្តាយនឹកកូនណាស់ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

0
    0
    Your Cart
    Your cart is emptyReturn to Donation