ខេត្តស្ទឹងត្រែង: លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញបើកវិញ្ញាសារ ដំណើរការសំណេរប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការនៅពន្ធនាគារខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ។
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះរាជបូជនីយកិច្ច ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បានដំណើរការប្រឡង ដែលមានបេក្ខជនមកពី៤ខេត្តនៃភូមិភាគឦសាន ចំនួន២២៣រូប ។
ការប្រលងជ្រើសរើសមន្រ្តីពន្ធនាគារឆ្នាំ២០២៥នេះ តាមប្រកាសស្តីពីបែងចែកក្របខ័ណ្ឌសំរាប់ការប្រឡងប្រជែងជ្រើសរើសបេក្ខជនសិស្សនិស្សិតឱ្យចូលបំរើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃសម្រាប់ ឆ្នាំ២០២៥ នៅតាមមណ្ឌលអប់រំ កែប្រែនៅពន្ធាគាររាជធានីខេត្តនានាចំនួន៣០០នាក់ដែលមានស្រ្តី៤០នាក់។
ដោយឡែកខេត្តស្ទឹងត្រែងមានបេក្ខជន៤១រូបជ្រើសរើសយក៧នាក់ ខេត្តរតនគិរីមានបេក្ខជន៨៤រូប ជ្រើសរើសយក១០នាក់ ខេត្តមណ្ឌលគិរី មានបេក្ខជន៤៣រូប ជ្រើសរើសយកចំនួន៥នាក់ និងខេត្តព្រះវិហារមានបេក្ខជនចំនួន៥៥រូបជ្រើសរើសយក៥នាក់ ។

លោក សរ សុពុត្រា បានលើកឡើងថា បេក្ខជនដែលនឹងប្រឡងជាប់ជាមន្រ្តីពន្ធនាគារ គឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពផ្ទាល់ខ្លួន ដោយគ្មានការអន្តរាគមន៍ ឬការប្រើប្រាស់ខ្សែខ្នងណាមួយឡើយ។
ប្រសាសន៍នេះ ត្រូវបានថ្លែងឡើងនៅក្នុងពិធីកាត់ស្រោមវិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ ។
ការកាត់ស្រោមវិញ្ញាសារដោយផ្ទាល់ដៃ ពីសំណាក់លោកអភិបាលខេត្តស្ទឹងត្រែង ដើម្បីធានានូវតម្លាភាព និងយុត្តិធម៌នៃការប្រឡង និងបានបញ្ជាក់យ៉ាងច្បាស់ថា៖ «អ្នកដែលប្រឡងជាប់ គឺជាប់ដោយគ្មានខ្សែឬមានខ្នងអ្នកណាឡើយ។ យើងធានាថាការប្រឡងនេះនឹងប្រព្រឹត្តទៅដោយស្មើភាព តម្លាភាព និងយុត្តិធម៌ ដើម្បីជ្រើសរើសបានធនធានមនុស្សពិតប្រាកដសម្រាប់បម្រើការងារជូនជាតិ។ »៨«បេក្ខជនដែលមកប្រឡងនៅថ្ងៃនេះ គឺជាប់ដោយសមត្ថភាពផ្ទាល់ខ្លួន អ្នកចេះគឺជាប់។ ហើយដំណើរការប្រឡងត្រូវបានរៀបចំឡើង យ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការជ្រើសរើស៕


