មន្ត្រីសង្ឃ និង ពុទ្ធបរិស័ទក្រុងបាត់ដំបង និង ខេត្តសៀមរាប ដឹកនាំដោយព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះរាជាគណៈកិត្តិយស ព្រះអនុគណក្រុងបាត់ដំបង និង ព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ បាននាំយក វិទ្យុទាក់ទង ស្បៀងអាហារ នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលជាជំនួយឧបត្ថម្ភពីព្រះចៅអធិការទាំង២៨វត្តនៃក្រុងបាត់ដំបង រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទវត្តខ្មែរបាលិលេយ្យ សហរដ្ឋអាមេរិច និង សប្បុរសជនខ្មែរក្នុងប្រទេស យកទៅផ្តល់ជូនកងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែន ស្ថិតតំបន់ តាថាវ ,បុស្សស្បូវ, អានសេះ, ភ្នំខ្មោច និងតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានធ្វើឡើងនៅវត្តទួលអណ្តែត ។ ព្រះពុទ្ធរស្មី យឿម រដ្ឋសភា បានមានសង្ឃដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ដែលបានលះបង់គ្រប់យ៉ាង ដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃ ព្រះសង្ឃ សប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស មានទឹកចិត្ត ទឹកព្រះទ័យ ចូលរួមលើកទឹកចិត្តដល់កងទ័ព ដោយបានជួយឧបត្ថម្ភ ជា វិទ្យុទាក់ទង ស្បៀងអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ និងឧបត្ថម្ភថវិកាតាមទិសដៅនីមួយៗ បេីគតិជាទឹកប្រាក់ ប្រមាណ ៦០លានរៀល ។ ការផ្តល់ជូននូវសម្ភារៈទាំងនេះ មិនមែនថា រាជរដ្ឋាភិបាលខ្វះខាតនោះទេ តែជាការចូលរួមជួយឧបត្ថម្ភបន្ថែមទៀត ។ ព្រះអង្គបានបន្ថែមថា យើងពិតជាមានមោទកភាព ចំពោះវីរៈកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ ។ ព្រះអង្គបាន មានសង្ឃដីកា និង ផ្តល់នូវពុទ្ធឱវាទមួយចំនួន ដល់បងប្អូនវីរៈកងទ័ព ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ និង គោរពនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល រួមសាមគ្គីក្នុងមហាគ្រួសារខ្មែរ ដើមី្បរក្សានូវសន្តិភាព ពីព្រោះកម្ពុជាយើងមិនត្រូវការសង្គ្រាមនោះឡើយ ម៉្យាងទៀតត្រូវថែទាំសុខភាព អនាម័យផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប



