គិតត្រឹមល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តសៀមរាប មានបងប្អូនជាជនភៀសសឹកចំនួន ១ពាន់៨៩០គ្រួសារ ស្មើនឹង ៦ពាន់១០៧នាក់ បានកំពុងបន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ក្នុងចំណោម ១ពាន់៨៩០គ្រួសារខាងលើ មានអ្នកកំពុងស្នាក់នៅតាមបណ្ដាទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកចំនួន ៩៩០គ្រួសារ ស្មើនឹង ៣ពាន់១៦៥នាក់ និងចំនួន ៩០០គ្រួសារ ស្មើនឹង ២ពាន់៩៤២នាក់ បានកំពុងស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ ខណៈ ថ្ងៃទី១ ខែកញ្ញា បងប្អូនជនភៀសសឹកចំនួន ២៣៤គ្រួសារ ស្មើនិង ៧៨១នាក់  បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ហើយចំពោះទីតាំងសុវត្ថិភាពក៏មានការថយចុះចំនួន៤ទីតាំងផងដែរ ។ ក្នុងនោះអាជ្ញាធរ ក៏បានជួបបញ្ហាមួយចំនួន ដូចជាពុំមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ដូចជាមុង ភួយ ថ្នាំមូស ធុងទឹក សម្ភារផ្ទះបាយ ខ្វះខាតបន្ទប់ទឹក បង្គន់អនាម័យ ទឹកស្អាត អគ្គិសនី និងការពារសត្វអាសិរពិសដើម ។ ក្នុងន័យនេះ អាជ្ញាធរខេត្តសូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ជួយឧបត្ថម្ភដល់បងប្អូនជាជនភៀសសឹកដែលកំពុងបន្តស្នាក់នៅ  ។

សូមបញ្ជាក់ផងដែរថា បងប្អូនជនភៀសសឹក ទាំង១ពាន់៨៩០គ្រួសារនេះ ដោយលំនៅឋានរបស់ពួកគាត់ស្ថិតក្នុងតំបន់ងាយរងគ្រោះបំផុត រួមនឹងគ្រួសារកងទ័ពផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

0
    0
    Your Cart
    Your cart is emptyReturn to Donation