ជប៉ុននឹងបន្តជួយដល់ខេត្តសៀមរាប លើការអនុវត្តគម្រោង ទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី២ ខណៈដំណាក់កាលទី១ នឹងបញ្ចប់នៅខែឧសភា

ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី៧ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ លោក យុន លីនណេ អភិបាលរងខេត្ត បានបង្ហាញថា គម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី១ នឹងត្រូវបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ ប៉ុន្តែទោះយ៉ាងនេះក្តីគម្រោងមួយនេះនឹងចាប់ផ្តើមនូវដំណាក់កាលទី២ របស់ខ្លួននៅក្នុងខែសីហា ឆ្នាំ២០២៥ដដែល ហើយអង្គការចៃកា នៃប្រទេសជប៉ុន នៅតែបន្តជួយបន្ថែមទៀត។
លោក យុន លីនណេ បានឲ្យដឹងថា ដំណាក់កាលទី១ បានចាប់ផ្តើមឡើងក្រោមជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដោយដំណាក់នោះ JICA បានជួយសិក្សាស្វែងរកបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្នុងក្រុងសៀមរាប និងបានរៀបចំជាផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដែលផែនទីបង្ហាញផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈកាលពីខែមីនា ឆ្នាំ២០២៣ ។ លោក យុន លីនណេ បានបន្តទៀតថា នៅក្នុងតំណាក់កាលនេះ រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានសហការអនុវត្តនូវគម្រោងសាកល្បងចំនួន៨ រួមមាន ១.ការកែលម្អការប្រមូលសម្រាម ,២.ការត្រួតពិនិត្យការចតយានយន្តខុសច្បាប់ ,៣.ឌីជីថលនីយកម្មនៃស្ថិតិទេសចរណ៍ ,៤.ប្រព័ន្ធតាមដានលំហូរឯកសារផ្ទៃក្នុងរបស់រដ្ឋបាល ខេត្ត ,៥.គម្រោងត្រួតពិនិត្យបរិស្ថានទីក្រុងដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញា(Sensor) ,៦.កិច្ចសហការរវាងរដ្ឋ និងឯកជនក្នុងវិស័យទេសចរណ៍ ,៧.ការប្រមូលនិងដឹកជញ្ជូនសម្រាមឆ្លាតវៃ និង៨.ថ្នាលទិន្នន័យទីក្រុងឆ្លាតវៃសៀមរាប (SSDaP) ។ លោកអភិបាលរងខេត្ត បញ្ជាក់ថា ក្នុងចំណោមគម្រោងទាំង៨នោះ មានគម្រោងចំនួន៦ កំពុងត្រូវបានអនុវត្តបំពេញឲ្យទៅជាគម្រោងពេញលេញ និងពង្រីកមុខងារបន្ថែម។ ជាមួយគ្នានេះ ដើម្បីជម្រុញឲ្យផែនទីបង្ហាញផ្លូវអនុវត្តកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តក៏បានបង្កើតនូវវេទិកាទីក្រុងឆ្លាតវៃ ដែលមានការចូលរួមពីវិស័យឯកជនផងដែរ ដែលយន្តការនេះ ត្រូវបានគេរំពឹងថា នឹងជម្រុញឲ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូសម្រាប់រាជធានី និងក្រុងផ្សេងទៀតរបស់កម្ពុជា ដែលជាសមាជិកទីក្រុងវៃឆ្លាតអាស៊ាន។
ប្រធានក្រុមការងារទី២ ទទួលបន្ទុកការអភិវឌ្ឍទីក្រុង និងតំបន់នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA លោក អាបេ ម៉ាសាណូរីអូ (ABE Masanorio) បានបង្ហាញថា យន្តការវេទិកាទីក្រុងឆ្លាតវៃ ដែលបង្កើតឡើងដោយរដ្ឋបាលខេត្តសៀមរាប ពិតជាបានបង្កើតឱកាស និងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន រួមេជាមួយសហគមន៍ ហើយយន្តការនេះក៏ជំរុញទីក្រុងសៀមរាប កាន់តែមានមុខមាត់ទាំងនៅឆាកជាតិ និងអន្តរជាតិ ។ លោករំពឹងថា យន្តការនេះក៏នឹងជួយឱ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូមួយរបស់កម្ពុជាផងដែរ ។
លោក ហ៊ីរ៉ូណុ តំណាងក្រុមទីប្រឹក្សាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានលើកឡើងដែរថា បើគិតពីប្រាំឆ្នាំមុន យើងបានចាប់ផ្តើមគម្រោងដោយការលំបាកបំផុតព្រោះវាកំពុងស្ថិតនៅក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ ប៉ុន្តែដោយបានការប្តេជ្ញាចិត្តយើងសម្រចបានការងារយ៉ាងច្រើនប្រកបដោយភាពបត់បែន។ ដូច្នេះការធ្វើឲ្យទីក្រុងសៀមរាប ក្លាយជាក្រុងឆ្លាតវៃ វានៅមិនទាន់បញ្ចប់ទេ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ លោកបន្តថា ជប៉ុននឹងមិនទៅណានោះទេ គឺជប៉ុននៅតែនៅជិតយើងជានិច្ច៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

                                                                           

Leave a Reply

Your email address will not be published. Required fields are marked *