នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបើកសន្និបាតបូកសរុបលទ្ធផលសុខាភិបាល ឆ្នាំ២០២៤ និង លើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ្មន្តទី៧ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកជំទាវ ខេង រ៉ាស៊ី សមាជិកាក្រុប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីបុគ្គលិកពេទ្យ មន្ទីរពេទ្យ មណ្ឌលសុខភាពស្រុកប្រតិបត្តិ តំណាងអង្គការដៃគូរ ប្រមាណ៣៦០នាក់ចូលរួម ។
បន្ទាប់ពីលោកវេជ្ជបណ្ឌិត ក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍ពី សមទ្ធិផល ដែលមន្ទីរសុខាភិបាលអនុវត្តបានក្នុងឆ្នាំ២០២៤ ព្រមទាំងលើកទិសដៅអនុវត្តឆ្នាំ២០២៥រួចមក លោកនាក់ ណេរ៉ុន ក៏បានគូសបញ្ជាក់ថា នៅក្នុងបរិការណ៍នេះ ការជួបជុំគ្នានេះ គឺជាឱកាស ដ៏មានតម្លៃសម្រាប់ការពិភាក្សា ដែលនឹងផ្តល់អត្ថប្រយោជន៍ជាសារវន្ត ដល់ការបន្តដំណើរទៅមុខ ដោយភាពស្វាហាប់ ក្នុងចក្ខុវិស័យរួម ស្របតាមទស្សនទានមួយចំនួន ។ សមិទ្ធផលវិស័យសុខាភិបាលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ បង្ហាញពីទិដ្ឋភាពគ្រប់ជ្រុងជ្រោយនៃកិច្ចការជាច្រើនក្នុងវិស័យសុខាភិបាល ដែលមន្ទីរសុខាភិបាល រដ្ឋបាលក្រុង ស្រុក អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងតួអង្គពាក់ព័ន្ធទាំងឡាយបាននិងកំពុងអនុវត្ត និងបន្តអនុវត្ត លើកកម្ពស់សុខុមាលភាព ជាគោលនយោ បាយ អាទិភាពចម្បងមួយ ក្នុងចំណោមគោលនយោបាយអភិវឌ្ឍតាមវិស័យ ដើម្បីលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ និងសូមឲ្យគ្រប់ស្ថានប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន អង្គការដៃគួរសុខភាព ផ្តល់ការចូលរួមនៅឆ្នាំខាងមុខឲ្យបានបន្តទៀត។ លោកបានសូមឲ្យសមាជិកសន្តិបាតទាំងមូល ធ្វើការពិភាក្សា ដើមី្បទទួលបានបទពិសោធន៍ និង អនុសាសន៍ ដែលជាធាតុចូល សម្រាប់យកទៅអនុវត្តនៅឆ្នាំបន្តឲ្យទទួលបានលទ្ធផលខ្ពស់ ប្រកបដោយគុណភាពខ្ពស់ទៀតផង ។
ឯកឧត្តមសាស្ដ្រាចារ្យ ឡឹម តារា បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចុកោណ-ដំណាក់ កាលទី១ ដោយបន្តរក្សាគង់វង្សនូវសន្តិភាព ដែលមានគុណតម្លៃជាសកល ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការសម្រេចបាននូវវឌ្ឍនភាពថ្មី ក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំងវឌ្ឍនភាពនៃវិស័យសុខាភិបាលឆ្នាំ២០២៤ ជាពិសេស ការបន្តកែលម្អសុខភាព និង សុខុមាលភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងជាលំដាប់ ដែលជាកត្តាសារវន្តរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស និង ការជម្រុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព ។ ក្នុងនោះឯកឧត្តមសាស្ត្រាចារ្យ បានធ្វើការវាយតម្លៃខ្ពស់ លើសមទ្ធិផលដែលមន្ទីរសុខាភិបាលខេត្តសៀមរាប ទទួលបានក្នុងឆ្នាំ២០២៤ ព្រមទាំងបានលើកនូវអនុសាសន៍របស់ក្រសួងសុខាភិបាលផងដែរ ។ ក្នុងឆ្នាំ២០២៤ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ រួមមាន សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការ ព្យាបាលថែទាំ ដែលគុណភាពត្រូវបានកែលម្អជាប្រចាំ និងអន្តរាគមន៍សុខភាពសាធារណៈសារវន្ត តាមរយៈ កម្មវិធីលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ កម្មវិធីបង្ការ និងគ្រប់គ្រងជម្ងឺឆ្លង រួមទាំងប្រព័ន្ធសន្តិសុខសុខភាព និងកម្មវិធីជម្ងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត ។ ចំពោះកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល ដែលផ្តោតជាចម្បងលើការអភិវឌ្ឍស្ថាប័ននិងអភិបាលកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការផ្គត់ផ្គង់ឱសថ បរិក្ខារ ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក៏ត្រូវបានកត់សម្គាល់ដោយវឌ្ឍនភាពផងដែរ ។ ឯកឧត្តមសាស្ដ្រាចារ្យបានថ្លែងបន្ដថា ជាមួយវឌ្ឍនភាព ដែលវិស័យសុខាភិបាលសម្រេចបាននាពេលបច្ចុប្បន្ន នៅមានកិច្ចការសំខាន់ៗជាច្រើនទៀត ដែលអង្គភាពសុខាភិបាល គ្រប់លំដាប់ថ្នាក់ នឹងបន្តអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធភាព ដើម្បីលើកកម្ពស់ការបម្រើសេវាថែទាំសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈជាសារវ័ន្តជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង ក្នុងការបង្កើនសមិទ្ធកម្មប្រព័ន្ធសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ទាក់ទងសុខភាព រួមទាំងបន្តពង្រឹងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥ ។ ឯកឧត្តមសាស្ដ្រាចារ្យ ក៏បានបញ្ជាក់ថា ដើមី្បលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ មន្ត្រីសុខាភិបាល ត្រូវពង្រឹងការងាររបស់ខ្លួន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យសមស្របទៅបច្ចេកវិទ្យាឌីជីថ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប








Awesome https://is.gd/tpjNyL