មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជួយលើកស្ទួយ តំបន់អាស៊ាន ឱ្យក្រោកឈរបានរឹងមាំ

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក បានអះអាងថា សហរដ្ឋអាម៉េរិក បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូសន្ទនាជាមួយបណ្ដាប្រទេសអាស៊ាន ទាំងកិច្ចការពារតំបន់អាស៊ាន ទាំងកិច្ចការជួយលើកស្ទួយតំបន់អាស៊ាន ឲ្យក្រោកឈរបានរឹងមាំ ។
មន្ដ្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក លោក សៀន អូនៀល(Sean O’Neill) បានអះអាងបែបនេះ ក្នុងឱកាសដែលលោកបានដឹកនាំគណប្រតិភូសហរដ្ឋអាម៉េរិក ចូលរួមប្រជុំ “កិច្ចសន្ទនាអាស៊ាន-អាមេរិក”លើកទី៣៧ នៅខេត្តសៀមរាប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ។ លោកបានថ្លែងថា យើងសូមកោតសរសើរ ចំពោះរដ្ឋាភិបាលកម្ពុជា ដែលជាដៃគូនៃកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ ហើយក៏មានកិច្ចសហប្រតិបត្តិជាមួយគ្នាយ៉ាងប្រសើរ តាមរយៈដៃគូសន្ទនាគ្រប់ជ្រុងជ្រោយនេះ ។ លោកបានបន្តថា សហរដ្ឋអាម៉េរិក បានបន្តគាំទ្រកិច្ចសន្ទនាជាមួយដៃគូជាច្រើននៅជុំវិញពិភពលោក ។ ដូច្នេះក្នុងនាមតំណាងឲ្យផ្នែករដ្ឋបាលនៃកិច្ចសន្ទនា រវាងបណ្ដាប្រទេសអាស៊ាន និង សហរដ្ឋ អាមេរិក លោកបានផ្ដោតការយកចិត្តទុកដាក់រួមគ្នាក្នុងការសន្ទនាទៅលើចំណុចសំខាន់ៗជាច្រើន ដែលរំពឹងថាការសន្ទនាទាំងនេះនឹងចេញជាលទ្ធផលយ៉ាងល្អ ។ លោក សៀន អូនៀល បានបន្តថា សហរដ្ឋអាម៉េរិក បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូសន្ទនាជាមួយបណ្ដាប្រទេសអាស៊ាន ទាំងកិច្ចការពារតំបន់អាស៊ាន ព្រមទាំងជួយលើកស្ទួយតំបន់អាស៊ានឲ្យក្រោកឈរបានរឹងមាំ។ លោកគិតថាទាំងអាស៊ាននិងអាមេរិកនឹងអាចទទួលបាននូវវិបុលភាព ស្ថិរភាពតាមរយៈកិច្ចសន្ទនានានា សម្រាប់ពង្រឹងផ្នែករដ្ឋបាលនៃបណ្ដាប្រទេសនីមួយៗ ដែលជាការលើកកម្ពស់ដល់ផ្នែក ផ្នែកសន្តិសុខ សុវត្ថិភាព ព្រមទាំងវិបុលភាព ដល់ពលរដ្ឋអាមេរិកកាំងដែលកំពុងធ្វើការនៅតាមបណ្ដាប្រទេសក្នុងតំបន់ផង។
សូមជម្រាបថា កិច្ចសន្ទនាអាស៊ាន អាម៉េរិក លើកទី៣៧នេះ កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ដោយខាងភាគីអាស៊ាន មានឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាសហ ប្រធាន និងខាងសហរដ្ឋអាម៉េរិក មានលោក សៀន អូនៀល ជាសហប្រធាន ដឹកនាំកិច្ចប្រជុំ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប