ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ដោយបានបោសសម្អាតផ្ទៃដីចម្ការមីន/ចម្ការគ្រាប់បានចំនួន ៥៦ ១៥២ ៣៩៦ម៉ែត្រក្រឡា, រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១៧ ៤៤៤គ្រាប់ និងឆ្លើយតបតាមសំណើសុំអន្តរាគមន៍បន្ទាន់ចំនួន ១៥៧៣ករណី ព្រមទាំងបានផ្ដល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋបានចំនួន ៧៩១ ៤៦៦នាក់។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា បានបញ្ជាក់ថា រយៈពេលដូចគ្នានេះ ស៊ីម៉ាក់ក៏បានធ្វើការស្រាវជ្រាវព័ត៌មានគ្រាប់មីន និងគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះលើផ្ទៃដី ២ ២៣៩ ០៤៧ ៧៧៩ម៉ែត្រក្រឡា។ ចំពោះលទ្ធផលការងារកិច្ចប្រតិបត្តិការអន្តរជាតិ ស៊ីម៉ាក់ក៏បានពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយបន្ថែមទៀត ជាមួយភ្នាក់ងារផ្ដល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដោយបានចាត់តាំងថ្នាក់ដឹកនាំមួយចំនួនទៅចូលរួមក្នុងកិច្ចប្រជុំនានា នៅបណ្ដាប្រទេសមួយចំនួនដូចជា ប្រទេសជប៉ុន ស៊េបប៊ី កូឡុំប៊ី និងប្រទេសស្វីស ដែលពាក់ព័ន្ធ និងវិស័យសកម្មភាពមីនផងដែរ ។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ដើម្បីឱ្យអង្គភាពស៊ីម៉ាក់ដំណើរការទៅមុខដោយរលូន និងកាន់តែមានភាពខ្លាំង យើងត្រូវការធនធានមនុស្ស ដែលមានសមត្ថភាពជាអ្នកបន្តវេន ខណៈបច្ចុប្បន្ននេះមន្រ្តីស៊ីម៉ាក់ជា ១ ពាន់នាក់ បានដល់អាយុចូលនិវត្តន៍។ ដូចនេះ ជម្រុញឲ្យមានការបណ្ដុះបណ្ដាលធនធានមនុស្សថ្មីៗបន្ថែមទៀត ទាំងចំណេះដឹង ចំណេះធ្វើ និងបច្ចេកទេស និងឲ្យចូលបម្រើការជាមួយមន្រ្តីចាស់ៗ ដែលមានបទពិសោធន៍ច្រើន ទើបអ្នកបន្តវេនមានភាពខ្លាំង និងអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗបាន៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

0
    0
    Your Cart
    Your cart is emptyReturn to Donation