ថ្ងៃអង្គារ ១១-ឧសភា-២០២១ ០៥:១២:៣២ ព្រឹក

Position 1

បុរី ឃុនសេង

មន្ទីពេទ្យបង្អែកខេត្តរតនគិរី ដឹកសពពីមន្ទីរពេទ្យយកទៅទម្លាក់ចោលតាមផ្លូវ

មន្ទីពេទ្យបង្អែកខេត្តរតនគិរី ដឹកសពពីមន្ទីរពេទ្យយកទៅទម្លាក់ចោលតាមផ្លូវ

ខេត្តរតនគិរី៖ សពស្ត្រីពោះធំម្នាក់ត្រូវសាច់ញាតិដឹកអូសតាមម៉ូតូយ៉ាងអណោចអធ័ម យកទៅធ្វើបុណ្យ បន្ទាប់ពីរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដឹកយកទៅទម្លាក់ចោលតាមផ្លូវ ក្រោយពីសពស្ត្រីពោះធំ នោះ ឆ្លងទន្លេមិនរួចស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត បើទោះជាសាច់ញាតិសុំអង្វរឲ្យដឹកដល់ផ្ទះយ៉ាងណាក៏ដោយ។ សពស្រ្តីឆ្លងទន្លេមិនរួចមានឈ្មោះ កាវែម ពូន អាយុ៣១ឆ្នាំ ជនជាតិក្រឹង មានប្តីឈ្មោះ យែន យន្ត មុខរបរធ្វើចំការ បានស្លាប់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបន្សល់ទុកកូនស្រី២នាក់ អាយុ៧ឆ្នាំ និងអាយុ៨ឆ្នាំឲ្យកំព្រាគ្មានម្តាយ។

បើតាមការរៀបរាប់របស់សាច់ញាតិសព ដែលត្រូវជាបងប្រុសជនរងគ្រោះ មានឈ្មោះ កាវែម វាំង បានឲ្យដឹងថា ប្អូនស្រីរបស់ខ្លួនបានឈឺពោះឆ្លងទន្លេកូនទីបី ហើយបានមកដល់មន្ទីរពេទ្យខេត្តនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យហាក់ដូចជាមិនសូវមើលថែទាំឲ្យដិតដល់នោះទេ ព្រមទាំងប្រើពាក្យសំដីមិនសមរម្យគ្មានសុជីវធម៌ទៀតផង។ ហើយបានប្រាប់ទៅសាច់ញាតិជនរងគ្រោះថា មិនអាចសង្គ្រោះបានទេ ទោះវះយកកូនចេញក៏ស្លាប់ មិនវះក៏ស្លាប់។ រហូតមកដល់ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ទើបអ្នកជំងឺបានដាច់ខ្យល់ស្លាប់ បន្ទាប់មកទៀតសាច់ញាតិបានដឹកបញ្ចូនសពតាមរថយន្តសង្គ្រោះមកដល់ចំណុចការ៉ាស់សាំងផ្លូវបំបែកចូលឃុំកាចូន តៃកុងឡានរកទំលាក់សពចោលម្តងហើយ តែសាច់ញាតិអង្វរទើបតៃកុងឡានយល់ព្រមទៅមុខទៀត រហូតមកដល់ចំណុចស្ពាន អូលីង តៃកុងឡានបានរអ៊ូរថា ផ្ទះឆ្ងាយពេក ក៏ទំលាក់សពចោលនៅក្រោមដើមឈើក្បាលស្ពានតែម្តង។ ក្រោយមកទៀតសាច់ញាតិក៏យកម៉ូតូដឹកបន្តទៀតទើបទៅដល់ផ្ទះ តែដោយសារសពឡើងរឹង ហើយពោះធំផង ទើបមានការពិបាកដឹក ធ្វើឲ្យអូសដាច់រលាត់ជើងសពគួរឲ្យសង្វេគណាស់។

ពាក់ព័ន្ធករណីនេះ តៃកុងឡានសាម៉ុយ បែជាឆ្លើយដោះសារទៅថ្នាក់លើថា អ្នកភូមិគេតំណម មិនឲ្យយកសពស្ត្រីពោះធំឆ្លងទន្លេមិនរួចចូលភូមិទេ រីឯក្រុមគ្រួសារសពក៏ទៀមទារឲ្យដាក់ចុះនៅត្រឹមនោះតែម្ដង។ ជុំវិញករណីដឹកសពមិនដល់គោលដៅទំលាក់ចោលគួរ គួរឲ្យអណោចអធ័មខាងលើនេះ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា លោកកំពុងធ្វើការដោះស្រាយ ហើយបានរាយការណ៍ទៅកាន់ថ្នាក់ខេត្ត ដើម្បីធ្វើការពិន័យទៅលើតៃកុងឡានសាម៉ុយដែលដឹកសពមិនដល់គោលដៅ ហើយនេះពុំមែនជាលើកទី១នោះទេ ដែលតៃកុងរថយន្តធ្វើដូចនេះ ហើយនឹងចាត់វិធានការទៅលើក្រុមគ្រូពេទ្យដែលប្រព្រឹត្តខុសក្រមសីលធម៌ វិជ្ជាជីវៈ គ្មានសីលធម៌ ពិសេសទង្វើទៅលើជនជាតិដើមភាគតិច និងជនក្រីក្រ។

ករណីខាងលើនេះ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី ដែលជាព្រឹទ្ធាចារ្យជនជាតិភាគតិច បានសំដែងការមិនពេញចិត្ត ដោយលោកមានប្រសាសន៍ឲ្យដឹងតាមទូរសព្ទកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះថា ពាក់ព័ន្ធទៅនឹងករណីដឹកសពកាត់ភូមិ ឬដឹកចូលភូមិ គឺជនជាតិដើមលែងមានតំណមដូចពីមុនទៀតហើយ រីឯទង្វើរបស់ក្រុមគ្រូពេទ្យ និងតៃកុងឡានខាងលើនេះវាជាការរើសអើងទៅលើក្រុមជនជាតិដើមភាគតិចយ៉ាងពិតប្រាកដ៕


Position 8

Position 13

 

ព័ត៌មានផ្សេងៗទៀត

Position 14