ពោធិ៍សាត់៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) បានដឹកនាំក្រុមគ្រូបង្គោលចំនួន ៥រូប របស់មន្ទីរពេទ្យ ចុះបេសកកម្មរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ព្យាបាល និងថែទាំអ្នកជំងឺគ្រុនឈាម» នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់។
បេសកកម្មនេះធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងគោលបំណងពង្រឹងសមត្ថភាព និងជំនាញរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ក្នុងការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក។
សម្រាប់វគ្គបណ្តុះបណ្តាលនេះ មានក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក-យិកា និងឆ្មប ចូលរួមដោយផ្ទាល់ចំនួន ៥០នាក់ មកពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ ស្រុកប្រតិបត្តិចំនួន ៤ និងមន្ទីរពេទ្យបង្អែកចំនួន ៥។ អ្នកចូលរួមរួមមានបុគ្គលិកសុខាភិបាលដែលផ្តល់សេវាព្យាបាលអ្នកជំងឺគ្រុនឈាម និងគ្រូពេទ្យ គិលានុបដ្ឋាក-យិកា នៅផ្នែកពិគ្រោះជំងឺក្រៅ (OPD) នៃមណ្ឌលសុខភាព។ ជាមួយគ្នានេះ មានអ្នកចូលរួមតាមប្រព័ន្ធអនឡាញ Zoom ចំនួន ៦០នាក់ ផងដែរ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមត្រូវបានផ្តោតលើការលើកកម្ពស់ចំណេះដឹង និងជំនាញជាក់ស្តែង ក្នុងការគ្រប់គ្រង ព្យាបាល និងថែទាំអ្នកជំងឺគ្រុនឈាម ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព ព្រមទាំងធានាឱ្យមានការអនុវត្តតាមពិធីការជាតិ (National Guidelines) ស្តីពីការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាម ឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេសសុខាភិបាល។
ជាមួយគ្នានេះ ក្រុមការងារមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក៏បានចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺគ្រុនឈាម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តការគ្រប់គ្រង និងព្យាបាលអ្នកជំងឺ ព្រមទាំងចែករំលែកបទពិសោធន៍ និងចំណេះដឹងបច្ចេកទេសជាមួយក្រុមការងារសុខាភិបាលនៅមូលដ្ឋាន។
ការបណ្តុះបណ្តាលនេះក៏មានគោលដៅជួយទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវអត្រាអ្នកជំងឺមានសភាពធ្ងន់ធ្ងរ និងអត្រាមរណភាពដែលបណ្តាលមកពីជំងឺគ្រុនឈាម តាមរយៈការរកឃើញរោគសញ្ញាបានឆាប់រហ័ស ការវាយតម្លៃស្ថានភាពអ្នកជំងឺ និងការធ្វើអន្តរាគមន៍ព្យាបាលឱ្យបានទាន់ពេលវេលា។
លើសពីនេះ វគ្គបណ្តុះបណ្តាលបានចូលរួមពង្រឹងកិច្ចសហការ ការផ្លាស់ប្តូរចំណេះដឹង និងការចែករំលែកបទពិសោធន៍រវាងមន្ត្រីសុខាភិបាលនៅគ្រប់កម្រិត ដើម្បីរួមគ្នាលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការថែទាំអ្នកជំងឺគ្រុនឈាមឱ្យកាន់តែមានប្រសិទ្ធភាព៕


